បរទេស៖ អតីតខ្សែបម្រើរបស់ Arsenal និងក្រុមជម្រើសជាតិ អង់គ្លេស លោក Paul Merson ជឿជាក់ថា នៅរដូវកាលនេះគឺមានតែ Arsenal មួយប៉ុណ្ណោះ ដែលអាចរារាំងមិនឱ្យ Manchester City ឈ្នះពាន Champions League ២ ឆ្នាំជាប់ៗគ្នាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Manchester City បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Champions League កាលពីរដូវកាលមុន ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែធ្វើបានល្អសម្រាប់រដូវកាលនេះ ខណៈកាលពីយប់រំលងអាធ្រាត្រថ្ងៃទី ២០ ខែ កញ្ញា ម្សិលមិញ ពួកគេទើបតែមានយកឈ្នះទៅលើក្រុម Crvena zvezda នៅក្នុងការប្រកួតវគ្គជម្រុះពូល A នៃពាន UCL ក្នុងលទ្ធផល ៣-១។

ទាក់ទងនឹងរឿងខាងលើ, នៅពេលគេសួរថា តើក្រុមណា ដែលជាគូប្រជែងពាន UCL ជាមួយ Man City បាន? លោក Merson បានឆ្លើយទៅវិញប្រាប់ Sky Sports យ៉ាងដូច្នេះថា៖
នៅពេលដែលអ្នកមើលទៅលើក្រុមដូចជា Bayern Munich, Arsenal, PSG... សម្រាប់ខ្ញុំ ខ្ញុំគិតថាក្រុមដែលគ្រោះថ្នាក់ នោះគឺជា Arsenal។ ពួកគេមានកីឡាករល្អៗច្រើន។ Declan Rice បានមកទីនេះ ខ្ញុំដឹងថា គាត់មិនដែលបានលេងនៅ Champions League ពីមុនមកទេ ប៉ុន្តែគាត់គឺធ្លាប់លេងនៅក្នុងពានអន្តរជាតិផ្សេងទៀត។ Arsenal គឺជាក្រុមមួយក្នុងចំណោមក្រុមដែលក្រុមផ្សេងមិនចង់លេងតទល់ជាមួយ នេះបើតាមគំនិតរបស់ខ្ញុំ។ ខ្ញុំគិតថាក្រុមដែលឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ ខ្ញុំមិនគិតថាអ្នកនឹងសប្បាយចិត្តទេ ប្រសិនបើក្រុមនោះបានផ្គូរផ្គងប៉ះ Arsenal ហើយនោះហើយជាមូលហេតុដែលខ្ញុំគិតថាពួកគេមានឱកាស៕

ប្រភព៖ Metro