ណាហ្គាវើលដ៍បេះដូងសប្បុរស ដាំកូនឈើ ៤០០ដើម ដើម្បីអបអររុក្ខទិវា!

//s9.kh1.co/bc/bc2aee6b9f30c0c80940be8638d56c051dfc6731.jpg
សង្គម

 ១៧-កក្កដា-២០២៣ ៣ល្ងាច · ១០ ខែមុន

ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ដើម ក្នុងខេត្តកំពង់ស្ពឺ។

រាជធានីភ្នំពេញ​៖ ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ដើម ក្នុងខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះត្រូវបានឧបត្ថម្ភដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅកីឡដ្ឋានកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេលកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” អ្នកចូលរួមអាចជ្រើសរើសឧបត្ថម្ភជាទឹកប្រាក់ ឬឧបត្ថម្ភជាកូនឈើ។ កូនឈើនីមួយៗដែលបានដាំ មានដាក់ស្លាកឈ្មោះដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភនៅក្បែរកូនឈើ។ សរុបរួមមានកូនឈើ ៨៥០ ដើម ត្រូវបានឧបត្ថម្ភដែលក្នុងនោះ ៤០០ ដើមត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។

កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយនៅក្នុងស្រុកត្រគៀតជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ដែលមានវត្តមានលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត ប្រគល់ ទទួល និងដាំកូនឈើជាមួយមន្ត្រីតំណាងភូមិ បុគ្គលិកស្ម័គ្រចិត្ត និងកុមារក្រោមបរិយាកាសដ៏រីករាយ 
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត ប្រគល់ ទទួល និងដាំកូនឈើជាមួយមន្ត្រីតំណាងភូមិ បុគ្គលិកស្ម័គ្រចិត្ត និងកុមារក្រោមបរិយាកាសដ៏រីករាយ 

លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឱ្យដឹងថា៖

“ខ្ញុំរីករាយដែលបានឃើញការដាំកូនឈើលើកដំបូងបែបនេះនៅក្នុងភូមិរបស់ខ្ញុំចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស”។  

នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនណាហ្គាវើលដ៍ ៥០ នាក់ និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ៥០ នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា។

ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកស្ម័គ្រចិត្ត និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ កំពុងដាំកូនឈើ 
ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកស្ម័គ្រចិត្ត និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ កំពុងដាំកូនឈើ 

លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍បាននិយាយថា៖

“យើងពឹងទៅលើដើមឈើដោយសារវាផ្តល់ខ្យល់ឱ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំងក្នុងពេលអនាគត។ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងអាចដើម្បីការពារបរិស្ថានមុនហួសពេល”។

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា៖

“ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនអំពីសារសំខាន់នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់។ ការដាំកូនឈើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់យើងដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានសំដៅឆ្ពោះទៅរកការការពារធនធានធម្មជាតិដែលយើងម្នាក់ៗអាចធ្វើបាន”។

គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានបេសកកម្មផ្តល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្តគម្រោងសហគមន៍។ កម្មវិធីបច្ចុប្បន្នរបស់សហគមនេះរួមមាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារមកពីសហគមន៍ប្រមាណ ៦០០ នាក់។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាននឹងកំពុងចូលរួមគាំពារបរិស្ថានដើម្បីចូលរួមធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយបានដាំកូនឈើប្រមាណ ៤.១៩៨ ដើម គិតមកដល់បច្ចុប្បន្នសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ តាមរយៈយុទ្ធនាការ “កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការដាំកូនឈើ” ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្តេជ្ញាការពារបរិស្ថានដើម្បីសហគមន៍ឱ្យកាន់តែមានភាពស្រស់បំព្រង៕

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ សហការគ្នាដាំកូនឈើដើម្បីប្រទេសកម្ពុជាកាន់តែស្រស់បំព្រង
បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ សហការគ្នាដាំកូនឈើដើម្បីប្រទេសកម្ពុជាកាន់តែស្រស់បំព្រង

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៨.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T