FedEx បង្ហាញវត្តមានដោយផ្ទាល់នៅកម្ពុជា ដើម្បីជួយអតិថិជនក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេស

//s9.kh1.co/0c/0c65f9d2d19b3e472485ae3c558b2112fa28a05d.jpg
សង្គម

 ១៣-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

FedEx Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FedEx Corp. (NYSE: FDX) និងជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយក្នុងពិភពលោកបានប្រកាសថា ខ្លួននឹងបង្កើតវត្តមានពាណិជ្ជកម្មដោយផ្ទាល់នៅកម្ពុជា។

ភ្នំពេញ៖ FedEx Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FedEx Corp. (NYSE: FDX) និងជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយក្នុងពិភពលោកបានប្រកាសថា ខ្លួននឹងបង្កើតវត្តមានពាណិជ្ជកម្មដោយផ្ទាល់នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដឹកជញ្ជូនលក្ខណៈអន្តរជាតិរបស់ប្រទេសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងវត្តមានដោយផ្ទាល់នៅក្នុងប្រទេសរាល់អាជីវកម្មទាំងអស់នៅកម្ពុជា នឹងទទួលបានលទ្ធភាពកាន់តែច្រើនជាមួយនឹងផលប័ត្រកាន់តែទូលំទូលាយនៃដំណោះស្រាយដឹកជញ្ជូនរបស់ FedEx ខណៈដែលអ្នកផ្តល់សេវាក្នុងស្រុក បន្តផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកដែលមានស្រាប់ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក។ អតិថិជនក្នុងស្រុក នឹងអាចចូលប្រើឧបករណ៍ឌីជីថលជាច្រើនប្រភេទរបស់ FedEx ដែលធ្វើឲ្យការដឹកជញ្ជូនកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុនតាមរយៈគេហទំព័រ FedEx https://www.fedex.com/en-kh/home.html ។

នេះគឺរួមបញ្ចូលទាំងការបើកគណនីថ្មី តាមដានស្ថានភាពនៃការដឹកជញ្ជូនតាមពេលវេលាជាក់ស្តែង បង្កើតវិក្កយបត្រដឹកជញ្ជូនតាមផ្លូវអាកាស ការកំណត់កាលវិភាគនៃការទទួលទំនិញ និងគ្រប់គ្រងវិក្កយបត្រជាដើម។ លើសពីនេះទៀត FedEx នឹងបង្កើតសមាជិកក្រុមផ្នែកលក់ និងសេវាកម្មបម្រើអតិថិជន ដែលមានភាពសកម្មលើមូលដ្ឋានដឹកជញ្ជូនដើម្បីធ្វើអន្តរកម្ម និងផ្តល់នូវជំនាញផ្នែកភស្តុភារកម្ម ក្នុងការជួយអាជីវកម្មក្នុងស្រុកឲ្យបង្កើនពាណិជ្ជកម្មឆ្លងប្រទេសរបស់ពួកគេបានកាន់​តែប្រសើរឡើងបន្ថែមទៀត។

ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​​កម្ពុជា ​កំពុង​មានល្បឿនលឿនគួរឲ្យកត់សម្គាល់ ​ដោយ​ការ​នាំ​ចេញ​កើន​ឡើង ​20​% ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ​ដែលគិតជាទឹកប្រាក់​កើន​ដល់ ​27ពាន់លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​ 1 ​ឆ្នាំ 2022។

ក្រុមហ៊ុន FedEx Express
ក្រុមហ៊ុន FedEx Express

លោកស្រី Audrey Cheong អនុប្រធានប្រតិបត្តិការប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ FedEx Express បានឲ្យដឹងផងដែរថា៖

«យើងមើលឃើញពីសក្តានុពលដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការបង្កើនពាណិជ្ជកម្មឆ្លងប្រទេសរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ពីឱកាសដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលថ្មីៗនេះ ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ជាដើម ដើម្បីជំរុញការនាំចេញ។ ជាមួយនឹងការពង្រឹងលទ្ធភាពទទួលបានបណ្តាញដឹកជញ្ជូន និងដំណោះស្រាយដ៏ល្អរបស់ FedEx អាជីវកម្មនៅកម្ពុជា នឹងមានភាពងាយស្រួលក្នុងការទាញយកទីផ្សារថ្មីៗ ស្របពេលដែលពួកគេអាចពង្រីកអាជីវកម្មទាំងក្នុងតំបន់ និងជុំវិញពិភពលោក»។ 

ប្រសាសន៍លោកស្រី Audrey Cheong

លោក Hardy Diec នាយកគ្រប់គ្រង FedEx Express ប្រចាំតំបន់ឥណ្ឌូចិន បានលើកឡើងថា៖

«ការពង្រីកវត្តមានដោយផ្ទាល់របស់យើងនៅកម្ពុជា អាចឱ្យយើងមានភាពកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់យើង និងផ្តល់នូវការគាំទ្រកាន់តែច្រើនឡើងសម្រាប់តម្រូវការដឹកជញ្ជូនអន្តរជាតិរបស់ពួកគេ។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ FedEx ដែលផ្តល់សេវាខាងភស្តុភារកម្ម និងលទ្ធភាពទទួលបានផលប័ត្របន្ថែមនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិដែលបានកំណត់ពេលវេលាជាក់លាក់ យើងកំពុងធ្វើឱ្យការដឹកជញ្ជូនកាន់តែងាយស្រួលសម្រាប់អតិថិជនកម្ពុជា ខណៈដែលពួកគេសម្លឹងរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត»។

ប្រសាសន៍លោក Hardy Diec 

ក្រុមហ៊ុន FedEx បាន និងកំពុងជួយសម្រួលពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1994 មកម្ល៉េះ ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូន និងការតភ្ជាប់ជាលក្ខណៈអន្តរជាតិតាមរយៈអ្នកផ្តល់សេវាក្នុងស្រុក TSP Express ។ FedEx គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កម្ពុជា ដែលមានចែងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម 2015 – 2025 របស់ខ្លួន ដើម្បីកសាងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច នាពេលអនាគតរបស់ប្រទេសមួយនេះ។ វត្តមានផ្ទាល់របស់ FedEx នៅក្នុងប្រទេសនាពេលនេះ នឹងជួយឱ្យអាជីវកម្មក្នុងស្រុកកាន់តែមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងពង្រីកលទ្ធភាពរបស់ពួកគេទៅកាន់ជាង 220 ប្រទេស និងដែនដីដែល FedEx ធ្វើប្រតិបត្តិការ៕

អំពីក្រុមហ៊ុន FedEx Express

FedEx Express គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏បំផុតមួយក្នុងពិភពលោក ដែលផ្តល់នូវការដឹកជញ្ជូនលឿនរហ័ស និងគួរជាទីទុកចិត្តទៅកាន់ជាង 220 ប្រទេស និងដែនដី។ FedEx Express ប្រើប្រាស់បណ្តាញដឹកជញ្ជូនផ្លូវអាកាស និងផ្លូវគោក ដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូនតាមពេលវេលា តាមការកំណត់ និងកាលបរិច្ឆេទច្បាស់លាស់។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T