អាមេរិក៖ ផ្កាយរណបដែលលែងដំណើរការ ត្រូវតែដកចេញពីលើមេឃ ឲ្យបានលឿនជាងមុន ក្រោមច្បាប់ថ្មីដែលត្រូវអនុម័តដោយនិយតករសហព័ន្ធអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ហើយវាស្ថិតនៅក្នុងនាម ជាការប្រយុទ្ធប្រឆាំងនឹងសំរាម នៅក្នុងគន្លងរបស់ផែនដី។
ផ្កាយរណបដែលលែងប្រើ នៅក្នុងគន្លងទាបរបស់ផែនដី ដែលជាតំបន់កកស្ទះបំផុតពេញទៅដោយផ្កាយរណប ត្រូវតែទាញយកវាចេញពីគន្លងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនឲ្យលើសពី៥ឆ្នាំ ក្រោយការបញ្ចប់បេសកកម្មរបស់ពួកវា នេះបើយោងតាមច្បាប់ថ្មីរបស់ Federal Communications Commission។
ពេលវេលានោះគឺតិចជាង ច្បាប់ដែលកំណត់រយៈពេល២៥ឆ្នាំ ដែលត្រូវបានគេរិះគន់ថា ធូររលុងពេក។ សូម្បីតែទីភ្នាក់ងារអវកាសអាមេរិក NASA បានណែនាំកាលពីឆ្នាំមុនថា ការកំណត់ពេលវេលា២៥ឆ្នាំ គួរតែត្រូវបានកាត់បន្ថយមកនៅត្រឹម៥ឆ្នាំវិញ។ គោលដៅនៃច្បាប់នេះ គឺការពារការកើនឡើងដ៏គ្រោះថ្នាក់នៃសំណល់ឥតបានការ និងកម្ទេចកម្ទីក្នុងលំហ។
មានការប៉ាន់ប្រមាណថា សំណល់អវកាសជាង១០០លានបំណែក កំពុងធ្វើដំណើរដោយមិនមានការគ្រប់គ្រង នៅក្នុងគន្លង។ ការប៉ះទង្គិចគ្នាក្នុងទីអវកាសធ្លាប់បានកើតមាន ពីមុនមក។ ហើយការបុកទង្គិចគ្នានេះអាចបន្ថែម បំណែកថ្មីៗរាប់ពាន់ ដែលនីមួយៗអាចប្រឈមនឹងការប៉ះទង្គិចកាន់តែច្រើន៕

ប្រភព: CNN