ការ​ពិសោធនៅ​អូស្រ្តាលី​ធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ កាន់តែមានសង្ឃឹម!

//s9.kh1.co/8a/8a14ed0bdfd74d842177ad52d6c0596815d89221.jpg
យល់ដឹង

 ០៦-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ​ទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ។

ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ​ទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ ដែលអាចប្រឆាំងទៅនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពសុាំដែលបង្កការបំផ្លាញទៅដល់កោសិកា beta របស់លំពែង។ យ៉ាង​ណា​អ្វី​ដែល​បាន​រក​ឃើញ​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកសា្រវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានរកឃើញវិធីសាស្ដ្រការពារ និងព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយការបង្កើតភ្នាក់ងារជីវសាស្ដ្រមួយប្រភេទឈ្មោះថា sRAGE ជាប្រូតេអ៊ីន មានសមត្ថភាពពង្រឹងទៅដល់កោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងការបំផ្លាញពីពពួកកោសិកាដែលបង្កឲ្យកើតទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១បាន។

ជាក់ស្ដែងណាស់ ជំងឺទឹកនោមផ្អែមប្រភទទី១ គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដោយមិនអាចបំប្លែង​យកទៅប្រើការបាន។ កត្ដានេះបណ្ដាលមកពីកោសិកា បេតា (Beta)របស់លំពែង ទទួលរងការខូចខាត ពីការវាយប្រហារពីប្រព័ន្ធភាពស៊ាំ ទើបមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដឹកនាំជាតិស្ករទាំងនោះ ទៅបំពេញតម្រូវការរាងកាយ។

សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈ​បទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។

វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា Tនៃគ្រាប់ឈាមសក្នុងលំពែង ដោយបង្ហាញលទ្ធផលគឺលំពែងអាចផលិតអាំងស៊ុយលីន ល្អប្រសើរដូចធម្មតា។ លោកបន្ថែមថា សមត្ថភាព ប្រូតេអ៊ីន sRAGE មិនត្រឹមតែអាចការពារប៉ុណ្ណោះទេ ថែមទាំង​គេ​ជឿ​ថា​អាចព្យាបាលអ្នកកើតជំងឺផ្អែមប្រភេទ១ និង ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ហើយអាចលុបបំបាត់រោគសញ្ញាផ្សេងៗបានទៀតផង។

យោងតាមរបាយការណ៍របស់ វិទ្យាស្ថានសុខភាពជាតិអូស្ដ្រាលីបានបង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទទី១ បានកើតមានលើប្រជាជនអូស្ដ្រាលីចំនួន ១២នាក់ ក្នុងចំណោម ១០០ ០០០នាក់ អ្នក​សង្ស័យថា​មានជំងឺ​នេះ​យ៉ាងហោច៧ករណី ក្នុងមួយថ្ងៃ។ អ្នកជំងឺគឺជាកុមារ ដែលមូលហេតុបង្កឡើងមិនមែនដោយសារកត្ដាជីវភាពរស់នៅប្រចាំថ្ងៃនោះទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T