របបអាហារ ៨ ប្រភេទជួយម៉ាក់ៗបង្កើនបរិមាណ និងគុណភាពទឹកដោះ!

//s9.kh1.co/7b/7b983fc314b1ff709ef84991735d96c97c7a4761.jpg
យល់ដឹង

 ១៩-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ទឹកដោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យអាអូនលូតលាស់បាន​ល្អ និងមិនសូវឈឺ ប៉ុន្តែ​ម៉ាក់ៗ​បំបៅដោះភាគច្រើនប្រឈមនឹងបញ្ហា​មិនសូវសម្បូរទឹកដោះ។

ទឹកដោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យអាអូនលូតលាស់បាន​ល្អ និងមិនសូវឈឺ ប៉ុន្តែ​ម៉ាក់ៗ​បំបៅដោះភាគច្រើនប្រឈមនឹងបញ្ហា​មិនសូវសម្បូរទឹកដោះ។ តែមិនថ្វីទេ របបអាហារ​ដែល​សម្បូរ​ជីវជាតិមិនត្រឹមតែអាចជួយបង្កើនបរិមាណ និងគុណភាពទឹកដោះរបស់ម៉ាក់ៗទេ ថែមទាំង​ជួយ​ឱ្យម៉ាក់ៗមានកម្លាំង និងសុខភាពល្អទៀតផង។ តើ​របប​អាហារទាំងនោះមានអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាក់ៗបំបៅដោះគួរញុំាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចខាងក្រោម៖

១. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិដូចជា អង្ករសម្រូប ស្រូវសាលីអូត នំបុ័ង ឬមីដែលធ្វើពីម្សៅគ្រាប់ធញ្ញជាតិ​សម្បូរទៅ​ដោយ​កាបូអ៊ីដ្រាត ជាតិសរសៃ សារធាតុរ៉ែ វីតាមីន B កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែត​ដែល​ជួយរក្សា​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាមម៉ាក់ៗ​ឱ្យ​ថេរ ​ជួយ​ដល់​ការ​រំលាយ​អាហារ​ ជួយឱ្យម៉ាក់ៗមានកម្លាំង និងឆ្អែតបានយូរ។

២. វីតាមីន D

ដោយសារទឹកដោះមិនសូវមានវីតាមីន D ដូច្នេះគ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះ​គួរញុំា​វីតាមីន D ៦០០ IU ជារៀងរាល់ថ្ងៃដើម្បីជួយឱ្យរាងកាយ​ម៉ាក់ៗ និងអាអូនស្រូបយកជាតិកាល់ស្យូម​បានល្អ។ អាហារសម្បូរ​ទៅដោយវីតាមីន D រួមមាន ទឹកដោះគោ ត្រី និងស៊ុតក្រហមជាដើម។ ជាង​នេះ​ទៅទៀត ម៉ាក់ៗក៏អាចទទួលបានវីតាមីន D ដោយ​ហាល​ថ្ងៃពេលព្រឹកព្រលឹមដែរ។

៣. ជាតិដែក

អាហារសម្បូរទៅដោយជាតិដែកដូចជា សាច់សុទ្ធ សាច់មាន់ សណ្តែក និងបន្លែស្លឹកបៃតងជាដើម​អាចជួយឱ្យម៉ាក់ៗមានកម្លាំង និងការពារម៉ាក់ៗ និងអាអូនពីភាពស្លេកស្លាំងព្រោះជាតិដែក​ជួយ​ដឹក​នាំអុកស៊ី​សែន​​​​ទៅគ្រប់ផ្នែកនៃរាងកាយ ហើយរាងកាយយើងត្រូវការជាតិដែក​ដើម្បី​ផលិត​គ្រាប់​ឈាម​ក្រហម។

៤. កាល់ស្យូម

អាហារសម្បូរកាល់ស្យូមដូចជា គ្រាប់ល្ង គ្រាប់ឈៀ ផលិតផលទឹកដោះ សណ្តែក និងបន្លែបៃតង​ជាដើម​ជួយឱ្យឆ្អឹង និងធ្មេញរបស់ម៉ាក់ៗ និង​អាអូន​រឹងមាំ និងមានសុខភាពល្អ។ ម៉ាក់ៗគួរញុំា​កាល់ស្យូម​ប្រហែល ១០០០ មិល្លីក្រាមក្នុងមួយថ្ងៃព្រោះក្នុងអំឡុងពេលបំបៅដោះ ម៉ាស់ឆ្អឹងម៉ាក់ៗ​អាចថយចុះ។

៥. អាស៊ីដខ្លាញ់អូមេហ្កា ៣

អាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយដល់ការអភិវឌ្ឍខួរក្បាល និងជួយឱ្យភ្នែកអាអូនមាន​សុខភាពល្អ ដែល​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​សម្បូរនៅក្នុងអាហារដូចជា ប្រេងអូលីវ គ្រាប់ផ្លែឈើ ផ្លែបឺរ និងត្រីសាល់ម៉ុន​ជាដើម។

៦. វីតាមីន A

វីតាមីន A ជួយឱ្យបេះដូង ភ្នែក និងប្រព័ន្ធការពាររបស់ម៉ាក់ៗ និង​អាអូន​មានសុខភាពល្អ។ វីតាមីន A សម្បូរនៅក្នុង ការ៉ុត ដំឡូងជ្វា បន្លែស្លឹកបៃតង ក្រូច និង​ត្រសក់ស្រូវជាដើម។

៧. ប្រូតេអ៊ីន

គ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះឱ្យញុំាប្រូតេអ៊ីនយ៉ាងហោចណាស់ ៦៥ ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ប្រូតេអ៊ីនសម្បូរនៅក្នុងអាហារដូចជា សាច់សុទ្ធ ស៊ុត គ្រាប់ធញ្ញជាតិ និង​សណ្តែកជាដើម។

៨. វីតាមីន B12

វីតាមីន B12 ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម ក៏ដូចជាជួយដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់ទារក។ អាហារសម្បូរវីតាមីន B12 មានដូចជា សាច់ ត្រី ទឹកដោះគោ និងស៊ុត​ជា​ដើម។

ទឹកដោះមានជាតិទឹកដល់ទៅ ៨៨% ដូច្នេះម៉ាក់ៗគួរញុំាទឹកឱ្យបានគ្រប់គ្រាន់ (២ ទៅ ២ លីត្រកន្លះ​ក្នុងមួយថ្ងៃ) ដើម្បីការពារខ្សោះជាតិទឹក និង​ជួយ​ឱ្យសម្បូរទឹកដោះ។

ចំណុចសំខាន់

ម៉ាក់ៗបំបៅដោះគួរញុំាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចខាងក្រោមដើម្បីបង្កើនបរិមាណ និងគុណភាពទឹកដោះ៖

  • គ្រាប់ធញ្ញជាតិ
  • វីតាមីន D
  • ជាតិដែក
  • កាល់ស្យូម
  • អាស៊ីដខ្លាញ់អូមេហ្កា ៣
  • វីតាមីន A
  • ប្រូតេអ៊ីន
  • វីតាមីន B12

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T