បរទេស៖ មកដល់ពេលនេះ Apple បាននាំយកឌុយ USB-C ទំនើបជាសកល ទៅកាន់កុំព្យូទ័រ Mac និង iPad។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីទូរសព្ទ iPhone ក្រុមហ៊ុននៅតែប្រើប្រាស់ឌុយ Lightning ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាក្យចចាមអារ៉ាមថ្មីមួយបានអះអាងថា iPhone 14 នឹងរក្សារន្ធ Lightning សម្រាប់រយៈពេលមួយឆ្នាំទៀត ប៉ុន្តែម៉ូឌែលខ្លះនឹងទទួលបានល្បឿនកាន់តែលឿនជាងមុន។ របាយការណ៍នេះបានមកពី iDropNews ដែលបានដឹងពីប្រភពមិនបញ្ចេញឈ្មោះថា ម៉ូឌែល iPhone 14 Pro ដែលមានតម្លៃថ្លៃ នឹងអាចប្រើប្រាស់ជាមួយឌុយ USB 3.0 Lightning ល្បឿនលឿន។ ឌុយ Lightning បច្ចុប្បន្នដែលប្រើនៅលើ iPhone គឺនៅតែផ្អែកលើបច្ចេកវិទ្យា USB 2.0 ដែលវាចាស់ខ្លាំង ហើយអាចផ្ទេរទិន្នន័យបានត្រឹមតែ 480 Mbps ប៉ុណ្ណោះ។ សម្រាប់ការប្រៀបធៀប USB 3.0 ផ្តល់ល្បឿនរហូតដល់ 5 Gbps។
គួរឲ្យស្ដាយ ប្រសិនបើពាក្យចចាមអារ៉ាមពិតជាត្រឹមត្រូវមែន វាក៏មានន័យថា គេនឹងទទួលបាន iPhone ជំនាន់ថ្មីមួយទៀត ដែលប្រើជាមួយឌុយ Lightning ហួសសម័យ ជំនួសឲ្យ USB-C។ ពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា Apple បានពិចារណាធ្វើឲ្យ iPhone 14 Pro ក្លាយជា iPhone ដំបូងគេដែលមិនមានរន្ធដោតអ្វីទាំងអស់ ខណៈក្រុមហ៊ុននឹងប្រើប្រាស់ការសាកថ្មឥតខ្សែ ប៉ុន្តែឥឡូវនេះវាហាក់ដូចជាមិនសូវទំនង៕

ប្រភព: 9to5Mac