សួនសត្វភ្នំតាម៉ៅ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការបង្កាត់ពូជសត្វខ្ទីង ដែលជាសត្វកម្រ

//s9.kh1.co/cf/cf69b418ffb4b9042b69e719269eb4efbbc4012b.jpg
សង្គម

 ២៦-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

សួនសត្វភ្នំតាម៉ៅ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការបង្កាត់ពូជសត្វខ្ទីង ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា ហើយវាត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ភ្នំពេញ៖ នាពេលកន្លងមកថ្មីៗនេះ សួនសត្វភ្នំតាម៉ៅ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការបង្កាត់ពូជសត្វខ្ទីង ដែលជាប្រភេទសត្វកម្រមួយ នៅប្រទេសកម្ពុជា។ នៅដើមខែមករា ឆ្នាំ២០២២នេះ មានកូនខ្ទីងញីមួយក្បាលទៀតបានកើត ហើយវាជាកូនខ្ទីងទី៦ ដែលត្រូវបានបង្កាត់ដោយអ្នកជំនាញនៃសួនសត្វភ្នំតាម៉ៅ សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃផងដែរ ចាប់តាំងពីឆ្នាំ២០១៦មក។ ភាពជោគជ័យនៃការងារបង្កាត់ពូជសត្វខ្ទីងនេះ បានក្លាយជាក្តីសង្ឃឹមថ្មី និងការជំរុញទឹកចិត្តបន្ថែម ឈានទៅដល់ការបង្កាត់ពូជសត្វប្រភេទកម្រផ្សេងទៀតនៅកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សត្វខ្ទីង គឺជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា ហើយវាត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ ខណៈចំនួនរបស់សត្វខ្ទីង ត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក ឧទ្យានសួន សត្វ និងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការបង្កាត់ពូជខ្ទីង។ ចាប់តាំងពីឆ្នាំ២០១៦ ដល់ដើមឆ្នាំ២០២២នេះ សួនសត្វភ្នំតាម៉ៅ បង្កាត់បានកូនខ្ទីងចំនួន៦ក្បាលហើយ ដោយមានកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃផងដែរ។ 

ដោយឡែក តាមការបញ្ជាក់លោក យឿន នឿន ជាបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅតាំងពីឆ្នាំ២០០៥ មកម្ល៉េះ និងបច្ចុប្បន្នលោកជាអ្នកទទួលខុសត្រូវ ក្នុងការមើលថែទាំសត្វខ្ទីង និងទន្សោង បន្ទាប់ពីចំណាយពេលមើលថែសត្វស្វា ខ្លាត្រី ពស់ថ្លាន់ ក្រពើ និងសត្វមួយចំនួនទៀតអស់ជាច្រើនឆ្នាំ។

ដោយលោកបាននិយាយអំពីអារម្មណ៍ត្រេកអរខ្លាំងណាស់ ចំពោះជោគជ័យ និងវត្តមានកាន់តែច្រើនសត្វព្រៃប្រភេទកម្រនៅប្រទេសកម្ពុជាថា៖ 

ឃើញវាមានកូនថ្មី ជុំគ្រួសារបែបនេះ រំភើប។ លើសពីនេះ នៅពេលវាកើតមកមានសុខភាពល្អ មានម៉ែមានឪនៅជិតមើលទៅមានក្តីសុខ។ និយាយទៅក្នុងនាមខ្ញុំជាអ្នកមើលថា បានឃើញបែបនេះពេញចិត្តនឹងធ្វើការ និងការចូលរួមជួយតាមលទ្ធភាពជាបន្ត

លោក យឿន នឿន បុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

យ៉ាងណាមិញ ជុំវិញដំណើរការនៃការបង្កាត់ពូជសត្វខ្ទីង លោក ទ្រី ស៊ីថេង ជាប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានលើកឡើងថា សត្វខ្ទីងនៅក្នុងសួនសត្វភ្នំតាម៉ៅត្រូវបានបង្កាត់ តាមលក្ខណៈបច្ចេលទេសរបស់អ្នកជំនាញនៅក្នុងសួនសត្វ និងក្រុមអ្នកជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមតិលោកមានដូចខាងក្រោម៖

មិនថាសត្វខ្ទីងឬ សត្វផ្សេងទេ ដំណើរនៃការបង្កាត់មិនមែនងាយស្រួលឡើយ។ ដំបូងត្រូវការចំណាយពេលនិងការស្រាវជា្រវ ដើម្បីធ្វើយ៉ាងណាអាចឈានដល់ដំណាក់កាលនៃការបង្កាត់ពូជដោយជោគជ័យ។ ទោះជាយើងត្រូវរង់ចាំ លទ្ធផលយូរ យ៉ាងណាក៏នៅតែមានសង្ឃឹមថា នឹងមានថ្ងៃនេះ

  លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ   

ជាចុងក្រោយនេះ ចំពោះភាពជោគជ័យនៃការបង្កាត់ពូជសត្វខ្ទីង ដែលជាប្រភេទសត្វកម្រនៅកម្ពុជានេះ គឺជាក្តីសង្ឃឹម បានជំរុញទឹកចិត្តឱ្យក្រុមការងារថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងក្រុមអ្នកជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ នៅតែបន្តប្រឹងប្រែងអនុវត្តធ្វើការងារនេះដោយពេញចិត្ត។ លោកទ្រី ស៊ីថេងបានបញ្ជាក់ថា គម្រោងការបង្កាត់  ថែរក្សា ការពារ និងអភិរក្សសត្វព្រៃ នឹងបង្កើតគម្រោងថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើនចំនួនសត្វកម្រនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

សត្វខ្ទីង
សត្វខ្ទីង
សត្វខ្ទីង
សត្វខ្ទីង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T