លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ប្រឡងធ្លាក់បាក់ឌុប កុំអន់ចិត្ត និង គួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ព្រោះតែហេតុផលនេះ

//s9.kh1.co/d5/d57ad34f06576d64d705e9ab30cbd14e433cac74.jpg
សង្គម

 ២០-មករា-២០២២ ៥ល្ងាច · ៣ ឆ្នាំមុន

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ប្រឡងធ្លាក់បាក់ឌុប កុំអាក់អន់ចិត្ត និង គួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ព្រោះតែហេតុផលនេះ

រាជធានីភ្នំពេញ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបរួច នៅថ្ងៃទី ១៤ ខែមករា​ ឆ្នាំ២០២២កន្លងទៅនេះ ក្នុងនោះ លទ្ធផលបេក្ខជនប្រឡងជាប់ មានចំនួន ៧២,០១៦ នាក់ និងមានបេក្ខជនជាច្រើននាក់ផងដែរ ដែលបានប្រឡងធ្លាក់។ ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបឆ្នាំ២០២១នេះដែរ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យបេក្ខជនជាសិស្សានុសិស្ស ដែលបានប្រឡងធ្លាក់ កុំអាក់អន់ស្រពន់ចិត្ត និងគួរតែរៀនបន្តបរិញ្ញាបត្ររងវិញ ជាជាងរៀនថ្នាក់ទី១២ ឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី 
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី 

ក្នុងនោះដែរ តាមរយៈសំណេររបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហោះនៅលើបណ្តាញសង្គមដូច្នេះថា៖ «យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង? យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់​ទី១២ឡើងវិញទេ។ ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅពេលយើងរៀន​ចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់តែប៉ុណ្ណោះ»។

លោកឧកញ៉ាវេជ្ជបណ្ឌិត បានបន្តថា៖ «ដូច្នេះខ្ញុំសូមសំណូមពរក្មួយៗជំនាន់ក្រោយថា ប្រសិនបើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង។ ព្រោះថា ការណ៍ដែលទៅរៀនយកបរិញ្ញាបត្ររងខណៈយើងប្រឡងធ្លាក់បាក់ឌុប គឺធ្វើឱ្យយើងចំណេញច្រើនណាស់។ តើក្មួយៗដឹងថាចំណេញអ្វីខ្លះទេ? គឺចំណេញត្រង់ថា ទី១ មិនធ្វើឱ្យយើងខ្មាសគេ ទី២ ធ្វើឱ្យយើងចំណេញពេលវេលា ហើយទី៣ គឺធ្វើឱ្យយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសកលវិទ្យាល័យ។

ក្មួយៗមួយចំនួនប្រហែលជាគិតថា ចុះបើប្រឡងបាក់ឌុបមិនជាប់ តើធ្វើម៉េចទើបអាចរៀនយកបរិញ្ញាបត្រ ឬអនុបណ្ឌិតទៅ? ក្មួយៗត្រូវដឹងថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រ ដូចអ្នកប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដូចតែគ្នាទេ ហើយសន្លឹកសញ្ញាបត្រនោះទៀតសោតគឺមានតម្លៃស្មើគ្នា។ ម្យ៉ាងដំណាក់កាលរៀនបួនឆ្នាំនៅសាកលវិទ្យាល័យនោះ គេបែងចែកជាពីរ គឺយើងត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ (ឆ្នាំទី១ និងឆ្នាំទី២) ហើយចូលដល់ឆ្នាំទី៣ និងទី៤ គឺយើងនឹងបន្តទៅកាន់ថ្នាក់បរិញ្ញាបត្រ។ សរុបមក យើងចំណាយពេល៤ឆ្នាំដូចគ្នា។ មែនទែនទៅ​គេមិនដែលខ្វល់ថាយើងរៀនជាប់ឬធ្លាក់បាក់ឌុបអីនោះទេ អ្វីដែលគេចង់ដឹងនោះគឺថា តើយើងមានទឹកចិត្តបន្តសិក្សាទៅមុខទៀតឬអត់? ហើយតើលទ្ធផលចុងក្រោយនៃជីវិតរបស់យើងជោគជ័យឬបរាជ័យតែប៉ុណ្ណោះ»។

ក្នុងនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍បន្ថែមថា៖​​«ប៉ុន្តែចំពោះក្មួយៗដែលគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង សូមកុំអាក់អន់ចិត្តឬគិតថាវាជាឧបសគ្គរារាំងឱ្យសោះ។ បើអាចក្មួយៗត្រូវតែស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ នៅក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលត្រូវការ ហើយដែលឋិតនៅក្នុងការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងាររបស់កម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុត នោះគឺកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិក ជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ គឺអាចរកប្រាក់ចំណូលបានស្មើឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។ ការណ៍ដែលយើងសិក្សាបានលេខល្អ ចំណាត់ថ្នាក់ខ្ពស់លើសគេ វាជាការល្អប្រសើរណាស់ ក៏ប៉ុន្តែបើយើងខ្សោយ ឬមិនបានចំណាត់ថ្នាក់ល្អយ៉ាងណាក៏ដោយ យើងពុំគួរយកវាមកបញ្ចប់ជោគវាសនាយើងនៅត្រឹមហ្នឹងអី។ យើងត្រូវតែទទូចរិះរកវិធីបន្តការសិក្សាឱ្យខាងតែបាន។ យើងត្រូវមើលទៅមុខប្រកបដោយចក្ខុវិស័យវិជ្ជមានជានិច្ច។

ដូច្នេះខ្ញុំសូមទទូចម្ដងទៀតថា បើសិនជាមិនចង់ឱ្យបាត់បង់ឱកាស ហើយបើសិនជាមិនចង់ឱ្យខូចអនាគតទេ ក្នុងករណីប្រឡងធ្លាក់បាក់ឌុប យុវជនគ្រប់រូបគួរតែទៅរៀនយកបរិញ្ញាបត្ររង ជាជាងត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ។ ប៉ុន្តែក្នុងករណីគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក្មួយៗត្រូវទៅរៀនជំនាញវិជ្ជាជីវៈតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានឱកាសការងារល្អៗ និងប្រាក់កម្រៃខ្ពស់»៕

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី 
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី 
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c4/c409f63863894b1ed5da6bb95208cfff99ea0da5.png

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

 ២៤-មិថុនា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T