បរទេស៖ ឧបករណ៍វ៉ែនតា mixed-reality របស់ក្រុមហ៊ុន Apple ដែលមានពាក្យចចាមអារ៉ាមជាយូរមកហើយ អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ចំណាយលើសពី 2,000ដុល្លារ នៅពេលដែលវាចេញលក់ ជាមួយនឹងរបាយការណ៍ដែលអះអាងថា វាដោយសារតែការអភិវឌ្ឍន៍និងសមាសភាគដ៏ថ្លៃផងដែរ។
ដំណើរការអភិវឌ្ឍន៍ដ៏យូរនៃឧបករណ៍វ៉ែនតា Apple VR បានធ្វើឲ្យមានការរង់ចាំយ៉ាងយូរ សម្រាប់ការបង្ហាញខ្លួនរបស់វា ជាមួយនឹងលទ្ធភាពនៃការចេញលក់នៅចុងឆ្នាំ2022 ឬពន្យារពេលដល់ឆ្នាំ2023។ ខណៈពេលដែលវាត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍លំដាប់ខ្ពស់ ជាមួយនឹងពាក្យចចាមអារ៉ាមតម្លៃចន្លោះពី 1,000ដុល្លារ និង 3,000ដុល្លារ ក្រុមហ៊ុន Apple ប្រហែលជានឹងជ្រើសរើសតម្លៃក្នុងចំណុចកណ្ដាល។
លោក Mark Gurman ពីសារព័ត៌មាន Bloomberg បានរំលឹកឡើងវិញនូវពាក្យចចាមអារ៉ាមមួយចំនួន អំពីឧបករណ៍វ៉ែនតានេះ រហូតមកដល់ពេលនេះ រួមទាំង processors ពីរ, ប្រើបន្ទះបង្ហាញកម្រិត 8K, ជម្រើសឡេនវេជ្ជបញ្ជា, និងបច្ចេកវិទ្យាសំឡេងកម្រិតខ្ពស់។ ការចំណាយលើធាតុទាំងនេះ ក៏ដូចជាការចំណាយលើការអភិវឌ្ឍន៍ផ្ទៃក្នុងចំនួន៧ឆ្នាំ ត្រូវបានគេគិតថា វាអាចនឹងមានតម្លៃខ្ពស់បែបនេះ។ បន្ទះឈីបរបស់វាត្រូវបានគេគិតថា អាចដូចទៅនឹង M1 Pro ដោយសារតែតម្រូវការក្រាហ្វិកកម្រិតខ្ពស់៕

ប្រភព: Apple Insider