កូនខ្ទីងនិងខ្ទីងជំទង់ ដែលប្រភេទសត្វ​កម្រ បង្ហាញវត្តមានក្នុងតំបន់ការពារធម្មជាតិ

//s9.kh1.co/7b/7b2ee061a79bf2de9848f235b4586975f1cda9da.jpg
សង្គម

 ០៤-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំសត្វខ្ទីងតូចៗជាច្រើន ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។

សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានប៉ានស្មានថាមានសត្វខ្ទីងប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០កន្លងទៅ ខណៈនៅឆ្នាំ ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅ។

សត្វខ្ទីងចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T