ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៣ម៉ឺននាក់ហើយ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ។ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ ក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថាៈ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមការគ្រោងទុក មិនមានឧបសគ្គអ្វីច្រើននោះឡើយ។ លោកក៏បានកត់សម្គាល់ឃើញដែរថាៈ ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។ គិតត្រឹមថ្ងៃម្សិលមិញនេះ ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបាន ចំនួនសរុប ១៣២,៨៨៩នាក់ ក្នុងនោះមានស្រ្តី ៧០,៧២៤នាក់។

សូមបញ្ជាក់ដែរថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។ ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី ១ និងទី២៕

