បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃបានបណ្តលឱ្យប៉ះពាល់ដល់ក្រុងស្រុកចំនួន ៧ឃុំ ក្នុងនោះរួមមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ស្រុកមង្គលបូរី ស្រុកសេរីសោភ័ណ្ឌ និងស្រុកម៉ាឡៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះបានប៉ះពាល់ដល់មនុស្សចំនួន ១៩,៦២៥ គ្រួសារ ស្មើនឹង ៨៤,៦២៣ នាក់ ស្រី ៤២,៩៧០ នាក់ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន ១,១៩៨ គ្រួសារ ស្មើនឹង ៤,២២៥ នាក់ ស្រី ១៩៧២ នាក់ ប៉ះពាល់ដំណាំស្រូវ ២៥,២២៣ ហិកតា ដំឡូងមី ២,២២២ ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ៧៩ ហិកាតា និងសត្វពាហនៈចំនួន ១០៣ក្បាល។ ក្រៅពីនេះជំនន់ទឹកភ្លៀងបានបណ្តាលឱ្យលិចសាលារៀនចំនួន ៥៣ សាលា វត្តអារាមចំនួន ៩ និងទឹកហូរកាត់ផ្លូវចំនួន ៥៤១ កន្លែង ដោយមានប្រវែងជាង ២២៧ ម៉ែត្រ។
ខេត្តបន្ទាយមានជ័យនៅតែជាខេត្តដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត៤រួមមាន ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង ពិសេសស្រុកជាប់តាមព្រំដែនប្រទេសថៃ។ ហើយស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅមិនទាន់មានភាពស្រានស្រាន្តនៅឡើយទេ ដោយសារនៅតំបន់មួយចំនួននៅទទួលរងនូវភាពលិចលង់នៅឡើយ៕
ប្រភព៖ កម្ពុជាថ្មី