ភ្នំពេញ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជន និងការចូលរួមរបស់អង្គការទស្សនៈពិភពលោករហូតដល់ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាល និងការតម្រង់ទិសដល់កុមារ ក្មេងជំទង់ និងយុវជនដែលមានអាយុពី១២ ដល់១៨ឆ្នាំ ប្រមាណជាង២ម៉ឺននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីយុវជន និងការចូលរួម (Impact+) នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជនក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និងខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។

លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួមនៃអង្គការទស្សនៈពិភពលោក លើកឡើងថាកម្មវិធីយុវជន និងការចូលរួម ត្រូវបានបង្កើតឡើងដើម្បីឱ្យប្រាកដថាយុវជនទទួលបានការគាំទ្រនូវអ្វីដែលពួកគេត្រូវការសម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅនិងសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានាសម្រាប់ខ្លួនពួកគេផងដែរ។


លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា៖
«យើងជឿជាក់យ៉ាងមុតមាំថាកម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយសម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាន និងប្រកបដោយសុខមាលភាពល្អប្រសើរក្នុងជិវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត»។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖
«នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា។ ពួកយើងគិតថាយុទ្ធសាស្រ្តដែលមាននិរន្តន៍ភាពបំផុតចំពោះកំណើនសេដ្ឋកិច្ ចគឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំ និងកីឡា ដែលជួយយុវជនក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗ និងបង្កើនលទ្ធភាពរស់នៅប្រកបដោយសុខភាពល្អ និងវិជ្ជមាន»។
លោក ថូម៉ាស បានបន្ថែមថា៖
«យើងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជោគជ័យដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះគីមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថាពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារ និងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង»។
យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថាខ្លួនពិតជាមានមោទភាពចំពោះបទពិសោធន៍ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា។

សៀវម៉ី និយាយថា៖
«ឥឡូវនេះខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្រ និងអ្នកភូមិបានល្អជាងមុនទៀតផង។ ខ្ញុំអរគុណដល់បទពិសោធន៍ ដែលខ្ញុំទទួលបានពីក្លិបយុវជន»។
នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោកក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិតដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិតដែលមានសារៈប្រយោជន៍ដើម្បីកាត់បន្ថយឥរិយាបថដែលជាហានិភ័យ តាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ ដល់២០២០ យុវជនប្រមាណ ១៩០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕






សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ស៊ុន សុខេន មន្រ្តីជំនាញជាន់ខ្ពស់កិច្ចការទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈ ពិភពលោកអន្តរជាតិ កម្ពុជា
អ៊ីម៉ែល៖ sokhen_sun@wvi.org
ទូរសព្ទ៖ +855 10 906 409
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន
Smart Axiata
អ៊ីម៉ែល៖ koam.tivea@smart.com.kh
ទូរសព្ទ៖ +855 10 202 271