កម្មវិធី Instagram កំពុងធ្វើតេស្ដលក្ខណៈពិសេសមួយ ដើម្បីកំណត់ការបង្ហោះណាខ្លះ ដែលអ្នកមិនចង់ឲ្យរំលង

https://s9.kh1.co/66/666f8137982bbd191de0e67b71e8db243835d4f1.jpg
បច្ចេកវិទ្យា
 14-Sep-2021 2pm · a year ago

អ្នកអាចកំណត់ថា តើការបង្ហោះរបស់អ្នកណាខ្លះ គួរតែបង្ហាញឲ្យច្រើន កុំឲ្យរំលងនៅលើ feed របស់អ្នក

បរទេស៖ កម្មវិធី Instagram កំពុងធ្វើការលើមុខងារមួយ ដែលអាចផ្ដល់ជូនអ្នកប្រើប្រាស់នូវការគ្រប់គ្រងបន្ថែម នៅលើ feed​ របស់ពួកគេ។ លោក Alessandro Paluzzi អ្នកអភិវឌ្ឍន៍កម្មវិធីទូរសព្ទកាលពីពេលថ្មីៗនេះ បានចែករំលែករូបថតអេក្រង់នៃលក្ខណៈពិសេស ស្ថិតនៅក្នុងការអភិវឌ្ឍន៍ ហៅថា Favorites។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពអេក្រង់ទាំងនោះបង្ហាញថា លក្ខណៈពិសេសនេះអនុញ្ញាតឲ្យអ្នកបន្ថែមមិត្តភក្ដិ សមាជិកគ្រួសារ និង creators ផ្សេងៗចូលទៅក្នុងបញ្ជីនៃគណនី ដែលអ្នកចង់ឲ្យ software បញ្ជូនឲ្យអ្នកមើលឃើញជាអាទិភាព នៅពេលអូសមើល feed។

ចាប់តាំងពី Instagram បានប្ដូរក្បួនបង្ហាញ feed តាមលំដាប់លំដោយ ទៅកាន់ក្បួនបង្ហាញថ្មីមួយនៅក្នុងឆ្នាំ២០១៦ មនុស្សម្នាជាច្រើនបានត្អូញត្អែរថា កម្មវិធីធ្វើការមិនបានល្អ ក្នុងការបង្ហាញរូបភាពនិងវីដេអូ ដែលពួកគាត់ចង់ឲ្យឃើញភាគច្រើន។ សព្វថ្ងៃ ក្បួនបង្ហាញ feed បានស្វែងរកការបង្ហោះណាមួយទទួលបានប្រជាប្រិយភាពខ្លាំង បន្ថែមពីលើសកម្មភាពថ្មីៗនិងប្រវត្តិដែលអ្នកប្រើប្រាស់បានទាក់ទងទៅកាន់នរណាខ្លះ ហើយបង្ហាញមាតិកាទាំងនោះឲ្យអ្នកប្រើបានឃើញ។

គេមិនច្បាស់ថា តើមុខងារ Favorites នឹងក្លាយជាមុខងារផ្លូវការ នៅក្នុងកម្មវិធី Instagram ដែរឬទេ។ បើមានមែន អ្នកអាចកំណត់ថា តើការបង្ហោះរបស់អ្នកណាខ្លះ គួរតែបង្ហាញឲ្យច្រើន កុំឲ្យរំលងនៅលើ feed របស់អ្នក។ បច្ចុប្បន្ន លក្ខណៈពិសេសនេះដាក់ឲ្យធ្វើតេស្ដចំពោះអ្នកពាក់ព័ន្ធផ្ទៃក្នុង របស់ Instagram ប៉ុណ្ណោះ៕

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង