បរទេស៖ ក្រុមហ៊ុន LG មើលទៅហាក់ដូចជាដកខ្លួនចេញពីវិស័យទូរសព្ទ នៅដើមឆ្នាំនេះ ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនមេហ្គាខបអន្តរជាតិដ៏មហិមា ខ្លួននៅតែមានឥទ្ធិពល។ ក្រុមហ៊ុន LG Chem ដែលជាសាខារបស់ក្រុមហ៊ុន ដែលអភិវឌ្ឍប្រព័ន្ធសម្ភារៈនិងថាមពលថ្មី មានអ្វីថ្មីមកកាន់គូប្រជែង នោះគឺបន្ទះថ្មីដែលអាចពត់ដូចប្លាស្ទិក ខណៈពេលដែលវារឹងដូចកញ្ចក់។
ក្រុមហ៊ុន LG Chem និយាយថា គម្របបន្ទះបង្ហាញនេះគឺរឹងដូចកញ្ចក់ស្ដង់ដារ ខណៈពេលវាផ្ដល់នូវភាពបត់បែន សម្រាប់បន្ទះបង្ហាញអេក្រង់បត់។ បន្ទះវត្ថុធាតុនេះគឺមានកម្រាស់តែប៉ុន្មានមីក្រូម៉ែត្រ ហើយត្រូវបានគេវាយតម្លៃថា អាចបត់បានជាង២០០,០០០ដង មុនពេលមានបញ្ហា។ អ្នកអាចបើកពន្លាទូរសព្ទមួយរយដងក្នុងមួយថ្ងៃ រយៈពេល៥ឆ្នាំ នៅតែមិនទាន់មានបញ្ហា។
បន្ទះវត្ថុធាតុ Real Folding Window មិនមែនជាអេក្រង់ខ្លួនឯងទេ តែជាធាតុផ្សំដ៏ស្មុគស្មាញមួយទៀតនៃការរចនាទូរសព្ទ ដែលអាចបត់បែនបាន ហើយវាគ្រាន់តែធាតុការពារដែលគ្របលើអេក្រង់និងឧបករណ៍ឌីជីថល។ ក្រុមហ៊ុន LG សង្ឃឹមថា នឹងចាប់ផ្ដើមផលិតបន្ទះវត្ថុធាតុ Real Folding Window នៅឆ្នាំក្រោយ ជាមួយនឹងការលក់ពេញលេញនៅឆ្នាំ២០២៣៕

ប្រភព: Android Police