អ៊ីស្រាអែល៖ អាជ្ញាធរអ៊ីស្រាអែលបានបើកការតាមប្រមាញ់ បន្ទាប់ពីអ្នកទោសប៉ាឡេស្ទីន៦នាក់បានរត់គេចខ្លួនចេញពីគុកដែលមានសុវត្ថិភាពបំផុតរបស់ប្រទេស ក្នុងរយៈពេលមួយយប់។ បុរសទាំងនោះត្រូវបានគេជឿថា បានជីករណ្ដៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ នៅពន្ធនាគារ Gilboa បន្ទាប់មកវារតាមរូង ហើយចេញមកដល់ជញ្ជាំងខាងក្រៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកសិករបានជូនដំណឹងដល់ក្រុមមន្ត្រី ដោយបានចាប់អារម្មណ៍ថា អ្នកទោសទាំងនោះបានរត់កាត់វាល។ សំឡេងរោទ៍ត្រូវបានបន្លើឡើងនៅពន្ធនាគារ Gilboa ដែលជាកន្លែងមានសន្តិសុខខ្ពស់ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលគេហៅថា The Safe នៅពេលអាជ្ញាធរបានទទួលការរាយការណ៍ពីកសិករក្នុងតំបន់ អំពីជនសង្ស័យនៅវាលកសិកម្មនៅក្បែរនោះ។
នៅពេលបុគ្គលិកពន្ធនាគារបានចេញទៅត្រួតពិនិត្យ នៅម៉ោង០៤:០០ ពួកគាត់បានរកឃើញថាអ្នកទោសចំនួន៦នាក់បានបាត់ខ្លួន។ គេជឿថា ជនជាតិប៉ាឡេស្ទីនបានគេចខ្លួនចេញពីមន្ទីរឃុំឃាំង ដោយពួកគេបានជីករូងដី នៅបន្ទប់ទឹករបស់ពួកគេ។ កាសែត The Jerusalem Post បានរាយការណ៍ថា ពួកគេបានប្រើប្រាស់ស្លាបព្រាច្រែះ ដែលពួកគេបានលាក់នៅពីក្រោយផ្ទាំងរូបភាព។
សេវាកម្មសន្តិសុខ Shin Bet បាននិយាយថា ខ្លួនជឿថាអ្នកទោសបានទាក់ទងជាមួយមនុស្សនៅខាងក្រៅពន្ធនាគារ ដោយប្រើប្រាស់ទូរសព្ទរត់ពន្ធ ហើយពួកគេមានឡានមួយនៅចាំទទួល។ ជនរត់គេចខ្លួនទាំង៦នាក់នោះរួមមាន អតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Al-Aqsa Martyrs' Brigade និងសមាជិកក្រុមជីហាដ៥នាក់៕
ប្រភព: BBC