សាយ៖ ការឈ្នះពាន YSP Peace Prize 2021 របស់ខ្ញុំ ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា និងទ្វីបអាស៊ីទាំងមូល​

//s9.kh1.co/59/59ae8634ed2aab01552fa580de8c4fac9122ab4b.jpg
សង្គម

 ១៧-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

«តាមពិតទៅពានរង្វាន់នេះ ខ្ញុំត្រូវធ្វើដំណើរទៅទទួលនៅកូរ៉េខាងត្បូង ប៉ុន្តែដោយសារកូវីដ១៩ ទើបត្រូវខកដំណើរ ហើយ​ទទួល​​តាមរយៈអនឡាញវិញ»

សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព (IAYSP) សម្រេចប្រគល់​ពាន​រង្វាន់​សន្តិភាព YSP Peace Prize 2021 ដល់លោក អ៊ួន បឋម ហៅសាយ។ ជាការកត់សម្គាល់ យុវជនដែលមានឈ្មោះប្រជែង​យក​ពាន​រង្វាន់​នេះមានបេក្ខភាពមកពី ៥ទ្វីប​ផ្សេងៗគ្នា តែ​នៅទីបំផុត​គណៈ​កម្មការ​វាយ​តម្លៃ​របស់ស្ថាប័ន​ IAYSP INTERNATIONAL បាន​ជ្រើសរើសជាឯកច្ឆន្ទយកយុវជនសាយឲ្យក្លាយជា​ម្ចាស់​ពាន​រង្វាន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពានរង្វាន់ YSP Peace Prize គឺជាពានរង្វាន់​ដែលផ្ដល់​ជូន​ដល់យុវជន​ និងថ្នាក់ដឹកនាំ​វ័យក្មេង ដែលមានស្មារតី​រួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម និង​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ដែលគាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយទទួលបានផ្លែផ្កា​ និង​មានការ​ទទួលស្គាល់ពីមនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស ក្នុង​តំបន់ និងសាកលលោក។

ប្រាប់ Khmerload នារសៀលថ្ងៃ ១៦មេសានេះ លោកសាយបង្ហើបទាំងមោទកភាពថា៖ «ខ្ញុំបានឈ្នះ​ពានរង្វាន់​សកល YSP Global Peace Prize។ សម្រាប់ខ្ញុំ នេះជាកិត្តិយសខ្លាំងមែន​ទែនដែលបានឈ្នះពាន​រង្វាន់មួយនេះ។ មោទកភាពមួយទៀត គឺដោយសារខ្ញុំជាយុវជនកម្ពុជា​ដំបូងគេ​ដែលទទួលបាន​ពាន​រង្វាន់ YSP Peace Prize នេះ។ នេះជាដំណឹងដ៏ល្អមួយសម្រាប់ខ្ញុំ ក៏ដូចជាសម្រាប់កម្ពុជា និងទ្វីបអាស៊ីទាំងមូលក្នុងការទទួលបានពានលំដាប់ពិភព​លោក​មួយនេះ»។

លោកថាតាមពិតទៅពានរង្វាន់នេះលោកត្រូវធ្វើដំណើរទៅទទួលនៅកូរ៉េខាងត្បូង ប៉ុន្តែដោយសារកូវីដ១៩ ទើបលោក​ត្រូវខកដំណើរ៖ «តាមពិតទៅពានរង្វាន់នេះ ខ្ញុំត្រូវធ្វើដំណើរទៅទទួលនៅកូរ៉េខាងត្បូង ប៉ុន្តែដោយសារកូវីដ១៩ ទើបត្រូវ​ខកដំណើរ ហើយទទួលតាមរយៈអនឡាញវិញ»។

ពិធី​ប្រគល់​ពាន​រង្វាន់​សន្តិភាពនេះ នឹងធ្វើឡើង​តាមរយៈអនឡាញ នាថ្ងៃទី១៧ ខែមេសា​ខាងមុខនេះ ចាប់ពីម៉ោង ២រសៀល (ម៉ោង​នៅ​កម្ពុជា)។ តាមព័ត៌មានបឋម កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីតារា​ចំរៀងល្បីរបស់កូរ៉េ និងសិល្បករជាច្រើនរូបទៀត។

សម្រាប់ប្រជាជនខ្មែរ​ ដែលចង់ទស្សនាពិធីប្រគល់ពានរង្វាន់ YSP Peace Prize នេះ ក៏អាចចុះឈ្មោះ​ចូលរួម​តាមរយៈ​តំណភ្ជាប់៖ iayspasia.org/register-ysrh/។

សូមបញ្ជាក់ថា IAYSP គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង ៥០ប្រទេសនៅទូទាំងសកលលោក​​ ហើយត្រូវ​បាន​បង្កើតឡើងដោយ បណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) នាឆ្នាំ ២០១៧ នៅប្រទេស​កូរ៉េខាងត្បូង។ សមាគមនេះមានបេសកកម្មបង្កើតនូវសន្តិភាពពិភពលោកតាមរយៈការលើកកម្ពស់ដល់យុវជន និងសិស្សនិស្សិតឲ្យក្លាយជាពលរដ្ឋសកល តាមរយៈការអប់រំចរិតលក្ខណៈ និងការបង្កើត​គម្រោងសន្តិភាពដែល​គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

កាលពីដើមឆ្នាំ ២០២១នេះ សាយក៏បានឈ្នះពានរង្វាន់អន្តរជាតិ​ផងដែរ គឺពាន​ Youth Heroes's Award 2020​ ដែលផ្ដល់ដោយ IAYSP។ ការឈ្នះពានរង្វាន់យុរជនឆ្នើមអន្តរជាតិទាំងនេះ កើតឡើងបន្ទាប់ពីសាយបាន​បង្កើត​កម្មវិធី​ «រត់ដើម្បីសប្បុរសធម៌ជាមួយ​សាយ» ដោយរ​ត់ ៩៩ថ្ងៃ ចម្ងាយផ្លូវ​ ២៤០៨គីឡូម៉ែត្រ កាត់ ២១ រាជធានី-ខេត្ត​។​ កាលនោះ លោក​រៃអង្គាស​ថវិកា​បាន​ជាងកន្លះលានដុល្លារ ក្នុងន័យជួយដល់​​មន្ទីរពេទ្យ​កុមារ​អង្គរ៕

https://s9.kh1.co/__image/w=650,h=920,q=100/1b/1b519f246e0c12cf2a78cdefe951dd698481f70c.png
លោកសាយ
លោកសាយ
លោកសាយ
លោកសាយ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T