រាជធានីភ្នំពេញ៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំ និងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៤ លានដូស បន្ថែមទៀតរំពឹងថានឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថាពលរដ្ឋកម្ពុជាទទួលបានការការពារប្រឆាំងជំងឺកូវីដ ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពីព្រឹតិ្តការណ៍ថ្ងៃទី ២០ កុម្ភៈ។


ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវ តង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។


នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា៖
«ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជា គឺជាក្ដីបារម្ភដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា និងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុងតាមដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឱ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន។»

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់នឹងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។


មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង ១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕