ចិន៖ ចានគោមរូបផ្កាមួយដែលត្រូវបានទិញក្នុងតម្លៃ ៣០ ដុល្លារ ពេលនេះត្រូវបានគេគ្រោងនឹងដាក់ដេញថ្លៃក្នុងតម្លៃរហូតទៅដល់ ៥ សែនដុល្លារ នៅទីក្រុងញូវយ៉ក ក្នុងថ្ងៃទី ១៧ ខែ មីនា ខាងមុខ បន្ទាប់ពីអ្នកជំនាញពិនិត្យឃើញថា វាគឺជាវត្ថុបុរាណដ៏កម្រនៅក្នុងរាជវង្សមិង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Angela McAteer ប្រធាននាយកដ្ឋានការងារសិល្បៈចិន Sotherby បានបញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណរបស់ម្ចាស់ដើមដែលបានលក់ឱ្យម្ចាស់ថ្មីនេះមិនត្រូវបានគេបញ្ចេញឱ្យដឹងទេ ប៉ុន្តែដឹងត្រឹមថាពេលនោះគេបានលក់វត្ថុបុរាណនេះឱ្យទៅម្ចាស់ថ្មីក្នុងតម្លៃ ៣០ ដុល្លារ ដោយមិនបានដឹងពីតម្លៃពិតប្រាកដទាល់តែសោះ។
យ៉ាងណាមិញ បន្ទាប់ពីទិញរួច ម្ចាស់ចានថ្មីក៏បានផ្ញើរូបថតចានគោមនេះទៅឱ្យអ្នកជំនាញពិនិត្យមើល ដោយមិននឹកស្មានថាវាគឺជាវត្ថុដ៏មានតម្លៃក្នុងប្រវត្តិសាស្រ្តចិនយ៉ាងដូច្នេះទេ។ ទន្ទឹមនឹងនេះ ចានគោមនេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានតម្លៃចាប់ពី ៣០០,០០០ ដុល្លារ ទៅ ៥០០,០០០ ដុល្លារ ក្នុងនោះបើត្រួតពិនិត្យឱ្យកាន់តែច្បាស់ទៅ វត្ថុបុរាណដ៏កម្រនេះមានប្រភពចេញពីតុលាការអធិរាជចិនក្នុងអំឡុងសតវត្សទី ១៤ - ១៧ នៃរាជវង្សមិង ដែលជាសម័យកាលមួយល្បីល្បាញខាងផលិតរបស់របស់ប្រើប្រាស់ចេញពី porcelain បានយ៉ាងស្ទាត់ជំនាញ។
គិតមកទល់សព្វថ្ងៃនេះ ចានគោមបុរាណប្រហាក់ប្រហែលគ្នានេះមានចំនួនត្រឹមតែ ៦ ប៉ុណ្ណោះ ដែលត្រូវបានគេដាក់តាំងបង្ហាញរួមមាន នៅក្នុងសារមន្ទីរជាតិតៃប៉ិ សារមន្ទីរអង់គ្លេស និងសារមន្ទីរ Victoria & Albert នៅទីក្រុងឡុងដ៍៕



