រុស្ស៊ី៖ សុនកអនាថានៅរុស្ស៊ីមួយចំនួន បានប្រែរោមទៅជាពណ៌ក្រហមយ៉ាងចម្លែក សង្ស័យបណ្តាលមកពីការបំពុលបរិស្ថាន ដែលស្ថិតនៅក្បែរអតីតរោងចក្រផលិតអាវុធគីមីក្នុងទីក្រុង Dzerzhinsk ប្រទេសរុស្ស៊ី ខណៈកាលពីពេលកន្លងមក សុនកចំនួន ៧ ក្បាល បានប្តូរពណ៌ទៅជាខៀវនិងត្រូវបានគេប្រទះឃើញនៅក្នុងតំបន់តែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសុនកដែលបានប្រែពណ៌ទៅជាក្រហមនេះ ត្រូវបានគេប្រទះឃើញនៅក្បែររោងចក្រ Kristall ដែលពីមុនជារោងចក្រផលិតគ្រឿងផ្ទុះ និងរំសេវ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថាសុនកទាំងនេះត្រូវបានអាជ្ញាធរចាប់បាន ឬយកទៅធ្វើតេស្តពិនិត្យយ៉ាងណានោះទេ។ ដោយឡែក ចំពោះសុនករោមខៀវវិញត្រូវបានគេប្រទះឃើញនៅជិតរោងចក្រ Dzerzhinskoye Orgsteklo ដែលជារោងចក្រផលិតសារធាតុគីមី អាស៊ីត hydrocyanic និងកញ្ចក់ plexiglass ដ៏ធំមួយនៅរុស្ស៊ី។
អាជ្ញាធរក្នុងតំបន់ រួមជាមួយនឹងខាងពេទ្យសត្វបានប្រាប់អ្នកស្រុកថា សត្វទាំងនេះមិនបានប្រែពណ៌ដោយសារសារធាតុគីមីនោះទេ ហើយក៏មិនមែនកើតចេញពីជាតិពុលអ្វីដែរ។ តែទោះជាយ៉ាងណាក៏ដោយ សត្វសុនកខៀវទាំងនេះនឹងត្រូវបានអាជ្ញាធររក្សាទុក និងបន្តស្ថិតក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធចំនួន ២០ ថ្ងៃ៕