ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឱ្យដឹងថា អ្នកបើកឡានដឹកទំនិញជនជាតិថៃម្នាក់ បានអះអាងថា ខ្លួនរកឃើញគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមួយ ខណៈពេលបរិភោគគ្រឿងសមុទ្រជាមួយក្រុមគ្រួសារក្នុងខេត្ត Chonburi ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំបូងឡើយ លោក Monthian Jansuk អាយុ ៤០ឆ្នាំ បានទិញខ្យងសមុទ្រមួយពីផ្សារក្បែរផ្ទះ ក្នុងបំណងនឹងយកមកបរិភោគជាមួយក្រុមគ្រួសារ។ ខណៈពេលកំពុងបរិភោគសាច់ខ្យង កូនប្រុសរបស់លោកក៏ខាំចំរបស់រឹងម៉្យាង ទើបខ្ជាក់ចេញមកឃើញគុជខ្យងពណ៌ទឹកក្រូច ដែលមានទម្ងន់ ៧ក្រាមតែម្តង។
ទន្ទឹមនឹងនោះ ក្រុមគ្រួសាររបស់លោកគិតថា វាគ្រាន់ជាពងខ្យងប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបានឃើញព័ត៌មានទាក់ទងនឹងគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយមានតម្លៃជាង ៣៣ម៉ឺនដុល្លារ ដែលរើសបានដោយអ្នកនេសាទថៃម្នាក់កាលពីខែមុន ហើយលោកក៏បានសង្ស័យថា វាអាចជាគុជខ្យងដ៏មានតម្លៃបំផុតមួយដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ លោកកំពុងរងចាំអ្នកវិភាគ ថាគុជខ្យងពណ៌ទឹកក្រូចនេះជាគុជខ្យងដ៏មានតម្លៃ ឬក៏យ៉ាងណា ហើយលោកក៏សង្ឃឹមថាវាជាគុជខ្យងដ៏កម្រពិតដែរ ព្រោះលោកអាចនឹងលក់វាបានក្នុងតម្លៃរាប់ពានដុល្លារ ដើម្បីបានប្រាក់យកមកជួយទំនុកបម្រុងគ្រួសារ។
គួរបញ្ជាក់ថា គុជខ្យង Melo ត្រូវបានបង្កើតឡើងដោយសត្វខ្យងសមុទ្រម្យ៉ាងឈ្មោះ Melo Melo។ គុជខ្យងនេះ មានចាប់ពីពណ៌ទឹកក្រូច រហូតដល់ពណ៌ត្នោត តែពណ៌ទឹកក្រូចគឺជាពណ៌ដ៏ថ្លៃបំផុត។ ហើយពួកខ្យងសមុទ្រប្រភេទនេះជាធម្មតាត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រ Andaman៕