កម្ពុជា៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងលោកជំទាវ ស៊ន សៀវម៉ី ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភានីតិកាលទី៤ មានឋានៈស្មើនឹង អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នដោយពុំទទួលបានប្រាក់បំណាច់មុខងារ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខានៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីរកីឡាការិនី ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ និងមានកម្ពស់ ១,៨៣ម៉ែត្រ។ សៀវម៉ី មានបងប្រុសឈ្មោះ ស៊ន អេលីត និងបងស្រី ស៊ន ដាវីន (ភរិយារបស់អតីតកីឡាករប្រដាល់គុនខ្មែរ វ៉ន វីវ៉ា) ដែលជាអតីតកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូចគ្នា។
មុនពេលឈានដល់ចំណុចនេះ វីរកីឡាការិនី ស៊ន សៀវម៉ី បានជួយលើកមុខមាត់ប្រទេសកម្ពុជាជាខ្លាំង នៅលើឆាកអន្តរជាតិ តាមរយៈការប្រកួត ដោយធ្លាប់ឈ្នះ៖
- មេដាយសំរឹទ្ធ១គ្រឿង កាលពីស៊ីហ្គេមលើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា ៥៦-៦២គីឡូក្រាម។
- ស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (៦៧-៧៣គីឡូក្រាម)
- ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (៦៧-៧៣គីឡូក្រាម)
- ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ដែលទើបបញ្ចប់នាយប់ថ្ងៃទី៨ ខែធ្នូនេះ ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣ពិន្ទុ ក្នុងម៉ោងបន្ថែម១នាទី (Golden Round) បន្ទាប់ពីកីឡាការិនីទាំងពីរនាក់មានពិន្ទុស្មើគ្នា ៩ទល់៩ ក្នុងការប្រកួតទាំង៣ទឹក។ មុនជួបម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HA THANH ក្នុងពិន្ទុដាច់ឆ្ងាយ ២៥ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដូច្នេះ ក្នុងចំណោមស៊ីហ្គេម ៥លើកចុងក្រោយ កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១ រំលងតែស៊ីហ្គេម ២០១៥ ប៉ុណ្ណោះ៕





