បារាំង៖ កាលពីថ្ងៃសៅរ៍ ជនជាតិបារាំងលោក Romain Vandendorpe បានបំបែកឯតទគ្គកម្មពិភពលោកដោយបានអង្គុយត្រាំទឹកកកក្នុងរយៈពេលវែងបំផុត ដើម្បីរៃអង្គាសប្រាក់សម្រាប់ជំងឺមហារីកកុមារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុគ្គលិកសុខាភិបាលអាយុ 34 ឆ្នាំរូបនេះបានអង្គុយត្រាំទឹកកកដែលខ្ពស់កប់ដល់ករបស់គាត់ នៅក្នុងទូកញ្ចក់អស់រយៈពេល 2 ម៉ោង 35នាទីនិង 43 វិនាទីដែលច្រើនជាងឯតទគ្គកម្មចាស់រហូតដល់ទៅ 40នាទី នៅតំបន់ Wattrelos ភាគខាងជើងនៃប្រទេសបារាំង។
គាត់បាននិយាយថាគាត់បានហ្វឹកហាត់ដើម្បីយកឈ្នះលើដែនកំណត់របស់មនុស្ស ដោយលោកបានប្រើបច្ចេកទេសគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទដោយប្រើ ការស្រមើលស្រមៃ និងការផ្តោតអារម្មណ៍។
បច្ចេកទេសហ្វឹកហាត់របស់គាត់រួមមានការអង្គុយនៅក្នុងអាងទឹកកកត្រជាក់ស្រេប អង្គុយនៅក្នុងទូទឹកកកចំណុះ 500 លីត្រ ហើយត្រូវកប់នៅក្នុងព្រិលនៅឯរមណីយដ្ឋានជិះស្គីបារាំង Chamonix ។
គាត់មានបំណងបរិច្ចាគលុយដែលប្រមូលបានតាមរយៈការសម្តែងរបស់គាត់ ទៅសមាគម Wonder Augustine ដែលបានបង្កើតឡើងនៅ Wattrelos បន្ទាប់ពីក្មេងស្រីអាយុ 4 ឆ្នាំម្នាក់ឈ្មោះថា Augustine បានស្លាប់កាលពី 2 ឆ្នាំមុនដោយសារជំងឺមហារីកខួរក្បាល។
លោក Steve de Matos ប្រធានសមាគមបានមានប្រសាសន៍ថា៖ «អ្នកគ្រប់គ្នាអាចបរិច្ចាគប្រាក់មួយអឺរ៉ូ សម្រាប់រាល់នាទីដែលលោក Romain កប់ក្នុងទឹកកក។»
ជាចុងក្រោយលោក Vandendorpe Romain មានសារដ៏សាមញ្ញបំផុតមួយ ទៅកាន់កុមារដែលកំពុងប្រយុទ្ធនឹងជំងឺមហារីកនោះគឺ «ត្រូវមានសង្ឃឹមជានិច្ច»៕