បារាំង៖ ក្លិបសេដ្ឋី Paris Saint-Germain បានបើកកីឡដ្ឋាន Parc des Princes ក្នុងជំនួបទល់នឹង Lyon កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅដែលជាការប្រកួតក្នុងក្របខណ្ឌ Ligue 1 របស់បារាំង ប៉ុន្តែនៅពេលជិតចប់ការប្រកួត ក៏កើតមានហេតុការណ៍តក់ស្លុតមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr. ដែលទើបបំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកបាន២០គ្រាប់ឲ្យក្លិប២ផ្សេងគ្នានោះ ត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលានប្រកួតក្រោយ ប៉ះទង្គិចត្រង់កជើងពេញទំហឹងជាមួយនឹងកីឡាករ Thiago Mendes។

ភ្លាមៗនោះ Neymar ដួលចុះលើស្មៅនិងស្រែកយំទះស្មៅដើម្បីឲ្យសញ្ញាទៅក្រុមគ្រូពេទ្យថារូបគេមិនអាចបន្តការប្រកួតបានទៀតឡើយ។

គួរបញ្ជាក់ផងដែរថា ក្លិបសេដ្ឋី PSG នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថាស្ថានភាពរបួសរបស់ Neymar ធ្ងន់ធ្ងរប៉ុណ្ណាហើយគេត្រូវចេញពីទីលានប្រកួតរយៈពេលយូរឬឆាប់ប៉ុណ្ណា។

ដោយឡែកខ្សែបម្រើ Thiago Mendes ដែលបង្កកំហុសទៅលើ Neymar នោះ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលានភ្លាមៗ នៅនាទីទី៩០+៩។

ទោះបីជាយ៉ាងណាក៏ដោយ Paris Saint-Germain នៅតែចាញ់ Lyon ក្នុងលទ្ធផល ១ ទល់នឹង ០ ដោយ កីឡាករ Tino Kadewere ស៊ុតទម្លុះសំណាញ់អ្នកចាំទី Keylor Navas នៅនាទីទី៣៥ ខណៈដែល PSG រកមិនបានសូម្បី១គ្រាប់ហើយខ្សែប្រយុទ្ធជួរមុខរបស់ពួកគេរងរបួសទៀត។

បរាជ័យរបស់ PSG នេះបានធ្វើឲ្យក្លិបឈរនៅលេខរៀងទី៣ក្នុងតារាង Ligue 1 ដោយមាន២៨ពិន្ទុក្នុងដៃ ខណៈ Lyon ឡើងទៅលេខ២ មាន ២៩ពិន្ទុក្នុងដៃស្មើនឹងក្លិប Lille ដែលកំពុងឈរនៅកំពូលតារាង។
តាំងពីចូលរួមជាមួយ PSG នៅខែសីហាឆ្នាំ២០១៧ មក Neymar បានរងរបួសធ្ងន់ធ្ងរ២ដង ធ្វើឲ្យរូបគេខកខានមិនបានចូលប្រកួតពានរង្វាន់ Copa America ឆ្នាំ២០១៩ ម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ skysports