អាមេរិក៖ ផ្ទាំងដែកចម្លែកមួយត្រូវបានរកឃើញនៅវាលខ្សាច់ រដ្ឋ Utah ដោយឧទ្ធម្ភាគចក្រមួយគ្រឿង ដោយបន្សល់ទុកភាពងឿងឆ្ងល់ទៅដល់អាជ្ញាធរមូលដ្ឋាន។ ក្រុមមន្ត្រីសត្វព្រៃបានប្រទះឃើញ វត្ថុចម្លែកមួយ ខណៈពេលកំពុងរាប់ចំនួនសត្វចៀម ក្នុងកំឡុងពេលហោះហើរ នៅតំបន់ដាច់ស្រយាល ភាគអាគ្នេយ៍នៃរដ្ឋអាមេរិក។ ពួកគេបាននិយាយថា រចនាសម្ព័ន្ធនេះត្រូវគេដោតចោល នៅលើដីរវាងថ្មក្រហម។ មិនមានការបញ្ជាក់ថា តើអ្នកណាបានដំឡើងផ្ទាំងដែកដ៏ធំនេះ ដែលមានកំពស់ប្រហែល៣.៦ម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកបើកឧទ្ធម្ភាគចក្រ លោក Bret Hutchings បាននិយាយថា ផ្ទាំងដែកនេះគ្មានអ្វីទ្រនៅពីក្រោយទេ ហើយប្រហែលជាវាត្រូវបានគេយកមកដោតចោល ដោយសិល្បកររលកថ្មី ឬអ្នកហ្វេនខ្សែភាពយន្ត 2001: A Space Odyssey ដែលផលិតឡើងក្នុងឆ្នាំ១៩៦៨ ដែលដឹកនាំដោយលោក Stanley Kubrick។
ផ្ទាំងដែកពណ៌ខ្មៅដែលបង្កើតឡើងដោយប្រភេទមនុស្សភពក្រៅ បានលេចឡើងលើខ្សែភាពយន្ត ដោយផ្អែកលើការសរសេររបស់អ្នកនិពន្ធប្រលោមលោក លោក Arthur C Clarke។ ក្រុមអាជ្ញាធរនឹងកំណត់ថា តើពួកគេត្រូវស៊ើបអង្កេតបន្ថែមឬយ៉ាងណា។ វាជារឿងមួយខុសច្បាប់ ក្នុងការដំឡើងរចនាសម្ព័ន្ធឬសិល្បៈ ដោយគ្មានការអនុញ្ញាតលើដីសាធារណៈ ដែលគ្រប់គ្រងដោយសហព័ន្ធ បើទោះបីអ្នកមកពីភពណាក៏ដោយ នេះបើយោងតាមនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah។
នាយកដ្ឋានមិនបានបង្ហាញពីទីតាំងពិតប្រាកដរបស់ផ្ទាំងដែកមួយនេះទេ ដោយភ័យខ្លាចថា ក្រុមអ្នករុករកអាចនឹងព្យាយាមស្វែងរកវា ហើយនឹងកកស្ទះផងដែរ។ សត្វចៀមស្នែងធំនេះដែលកំពុងត្រូវបានរាប់ដោយអាជ្ញាធរ គឺជាសត្វដែលមានដើមកំណើតនៅភាគខាងត្បូងនៃរដ្ឋ Utah៕