បរទេស៖ ក្រុមហេកឃ័រដែលនៅពីក្រោយដោយរដ្ឋមកពីប្រទេសកូរ៉េខាងជើងនិងរុស្ស៊ី បាននិងកំពុងកំណត់គោលដៅទៅលើអង្គការនានា ដែលអភិវឌ្ឍវ៉ាក់សាំងការពារវីរុសកូរ៉ូណា នេះបើយោងតាមក្រុមហ៊ុន Microsoft។ គេបាននិយាយថា ក្រុម Fancy Bear របស់រុស្ស៊ី និងក្រុមរបស់កូរ៉េខាងជើងដែលមានឈ្មោះថា Zinc និង Cerium ត្រូវបានលាក់បង្កប់ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណេតថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណេតជាតិអង់គ្លេសបាននិយាយថា ក្រុមហេកឃ័ររុស្ស៊ីកំពុងកំណត់គោលដៅលើការស្រាវជ្រាវវ៉ាក់សាំង។ ប៉ុន្តែរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិអំពើបែបនេះឡើយ។ ក្រុមហ៊ុន Microsoft ដែលបង្កើតកម្មវិធីសុវត្ថិភាពតាមអ៊ីនធឺណេតបាននិយាយថា ខ្លួនបានរកឃើញការប៉ុនប៉ងបំបែកប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ របស់ក្រុមហ៊ុនឱសថចំនួន៧។
អ្នកស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសកាណាដា បារាំង ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេកំណត់គោលដៅផងដែរ។ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមរុស្ស៊ីបានប្រើយុទ្ធសាស្ត្រ ដោយព្យាយាមចូលទៅក្នុងគណនី ដោយប្រើលេខសម្ងាត់ខុសៗគ្នារាប់លាន។ មួយក្នុងចំណោមក្រុមកូរ៉េខាងជើងបានផ្ញើអ៊ីម៊ែល ដែលធ្វើជាមន្ត្រីអង្គការសុខភាពពិភពលោក និងព្យាយាមបោកបញ្ឆោតមនុស្ស ឲ្យប្រគល់គណនីចូលរបស់ពួកគេ។
ការប៉ុនប៉ងបំបែកខ្លះបានបរាជ័យ ប៉ុន្តែក្រុមហ៊ុន Microsoft បានព្រមានថា ពួកគេមួយចំនួនបានទទួលជោគជ័យ។ អ្នកតំណាងរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ មិនទាន់បានឆ្លើយតប ដែលសុំការអធិប្បាយនៅឡើយទេ៕