អាមេរិក៖ ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋអាមេរិកក្នុងការប្រកាសលទ្ធផលនៃការជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានមកដល់ហើយ ដោយលោក ចូ បៃដិន ត្រូវបានព្យាការណ៍ថា ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦។ ជ័យជម្នះក្នុងការទទួលបានអង្គបោះឆ្នោតលើសចំនួន២៧០ បានធ្វើឲ្យលោក ចាប់បានឱកាសក្នុងការការគ្រប់គ្រងអំណាចក្នុងសេតវិមាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ២០២០នេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយមានដៃគូប្រជែងធំៗចំនួនពីរ គឺលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។ ការរាប់សន្លឹកឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់ដូចជាមានភាពយឺតយ៉ាវជាងពេលរាល់ដង ដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩ តែចុងក្រោយលោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រច្រើនជាងគេនៅក្នុងរដ្ឋនីមួយៗ។
តំណែងជាប្រធានាធិបតីអាមេរិកមិនត្រូវបានសម្រេច ដោយសារសំឡេងបោះឆ្នោតសរុបទូទាំងប្រទេសដែរ ប៉ុន្តែដោយការឈ្នះនៅក្នុងរដ្ឋនីមួយៗ។ អ្នកឈ្នះនៅក្នុងរដ្ឋនីមួយៗទទួលបានចំនួនអង្គបោះឆ្នោត ផ្អែកលើចំនួនប្រជាជន។ ដើម្បីកាន់អំណាចនៅក្នុងសេតវិមាន ពួកគេត្រូវការអង្គបោះឆ្នោតចំនួន២៧០។
គួរបញ្ជាក់ផងដែរថា ចូ បៃដិន គឺជាប្រធានាធិបតីអាមេរិកទី៤៦ ដែលមានវ័យចំណាស់ជាងគេ នៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ លោក បៃដិន នឹងឈានចូលវ័យ៧៨ឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយរូបលោកបានកើតនៅក្នុងឆ្នាំ១៩៤២ កំឡុងសង្គ្រាមលោកលើកទី២៕