តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រ៉ុក្កែតយ៉ាងតិច១០គ្រាប់ ដែលបាញ់ចេញពីតំបន់ជម្លោះរវាងទាហានអាមេនីនិងអាស៊ែបៃសង់ បានធ្លាក់ចូលភូមិចំនួនពីរ ក្នុងទឹកដីប្រទេសអ៊ីរ៉ង់។ អភិបាលក្រុង Khoda Afarin county គូសបញ្ជាក់ថា គ្រាប់រ៉ុក្កែតបានធ្លាក់នៅក្នុងភូមិ Kadkhodalou និង Gholi Beiglou បណ្តាលឱ្យផ្ទះមួយខ្នងត្រូវរងការបំផ្លាញ ចំណែកមនុស្សម្នាក់បានរងរបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលកន្លងទៅ អភិបាលក្រុង Khoda Afarin county ក៏ធ្លាប់បានគេរាយការណ៍ ថាមានគ្រាប់កាំភ្លើងត្បាល់ចំនួន ៦គ្រាប់ បានធ្លាក់នៅភូមិមួយស្ថិតនៅក្រុងនេះដែរ។ ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់អាមេនីនិងអាស៊ែបៃសង់ ដោយបានបង្ហាញនូវការជំទាស់យ៉ាងខ្លាំង ចំពោះគ្រាប់រ៉ុក្កែតនិងកាំភ្លើងត្បាល់ ដែលកំពុងវាយប្រហារដល់ទឹកដីអ៊ីរ៉ង់។
ទំនាក់ទំនងរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ មានភាពតានតឹងចាប់តាំងពីឆ្នាំ១៩៩១ គឺនៅពេលដែលទាហានអាមេនីបានចូលកាន់កាប់តំបន់ ណាហ្គ័រណូ ការ៉ាបាក់ ដែលជាទឹកដីមានការទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយរបស់ប្រទេសអាស៊ៃបៃសង់។
គួរជម្រាបដែរថា ជម្លោះប្រដាប់អាវុធទាហានអាមេនីនិងអាស៊ែបៃសង់ នៅតំបន់ការ៉ាបាក់ ដែលចាប់ផ្តើមឡើងកាលពីថ្ងៃ២៧ ខែកញ្ញា បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស។ ហើយអាស៊ែបៃសង់ក៏បានប្តេជ្ញាថានឹងបន្តប្រយុទ្ធ រហូតលែងមានវត្តមានទាហានអាមេនី នៅតំបន់ការ៉ាបាក់៕

