តៃប៉ិ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់បានចំណាយថវិកាអស់ជិត ៩០០លានដុល្លារ នៅឆ្នាំនេះ ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ក្នុងគោលបំណងប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់កងទ័ពចិន ហើយសម្ពាធដែលប្រទេសចិន កំពុងដាក់មកលើកោះតៃវ៉ាន់ គឺពិតជាខ្លាំងក្លាណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសចិនដែលតែងអះអាង ថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន បាននឹងកំពុងបង្កើនសកម្មភាពយោធាទៅជិតកោះនេះ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលចិនហៅថា “ការឃុបឃិត” រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏មានមានការខឹងសម្បារចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលបានបង្កើនចំណងទាក់ទងការទូត ក៏ដូចជាផ្តល់ការគាំទ្រដល់កោះតៃវ៉ាន់ ដោយមានទាំងការលក់អាវុធ រួមទាំងដំណើរទស្សនកិច្ចរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក ទៅកោះតៃវ៉ាន់ជាដើម។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យន្ដហោះចម្បាំងចិនបានហោះឆ្លងកាត់តាមផ្លូវច្រកសមុទ្រតៃវ៉ាន់ ហើយហោះទៅកាន់តំបន់ដែនអាកាសហាមឃាត់ ភាគនិរតីរបស់កោះតៃវ៉ាន់ជាច្រើនដង។ ថ្លែងនៅឯសភារដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់លោក Yen De-fa បានគូសបញ្ជាក់ថា ទ័ពអាកាសតៃវ៉ាន់បានហោះស្ទាក់យន្តហោះទ័ពអាកាសចិនចំនួន ២,៩៧២ដងនៅឆ្នាំនេះ ដោយត្រូវចំណាយប្រាក់អស់ប្រមាណ ២៥,៥ ពាន់លានដុល្លារតៃវ៉ាន់ (ឬ ៨៨៦,៤៩ លានដុល្លារអាមេរិក) ។
គួរជម្រាបដែរថា កាលពីឆ្នាំមុនសហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងឱ្យទៅកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងមួយមានទំហំទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យចំនួនយន្តហោះសរុបរបស់កោះនេះមានទៅដល់ជាង ២០០គ្រឿង និងក្លាយជាដែនកោះមានកងយន្តហោះចម្បាំងប្រភេទ F-16 ធំបំផុតនៅអាស៊ី៕