ភ្នំពេញ៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (ក្រុមហ៊ុន « ដាយ អ៊ិឈិ ឡាយហ្វ៍ ») បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី « បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល លើវិស័យធានារ៉ាប់រងអាយុជីវិត » ជាមួយក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី អិលធីឌី (មិត្ដហ្វូន) និងក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក (អ៊ី-ម៉ាន់នី)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីចុះហត្ថលេខានេះ មានការចូលរួមពី លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក លោក ហ្វុង វ៉ានគឿង អគ្គនាយក នៃក្រុមហ៊ុន មិត្តហ្វូន និងលោក ផាម ស៊ុងគឿង អគ្គនាយក នៃក្រុមហ៊ុន អ៊ី-ម៉ាន់នី ។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងជួយឱ្យក្រុមហ៊ុនទាំងបីសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ ជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។

មិត្ដហ្វូន និងអ៊ី-ម៉ាន់នី នឹងសហការគាំទ្រដល់ ដាយ អ៊ិឈិ ឡាយហ្វ៍ តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (អាយស៊ីធី) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងដល់ប្រជាជនកម្ពុជា និងធ្វើអោយជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។
លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ិ អិលធីឌី មានប្រសាសន៍ថា៖
« ក្រុមហ៊ុន មិត្តហ្វូន និងអ៊ីម៉ាន់នី នឹងផ្គត់ផ្គង់សេវាកម្មប្រមូលបុព្វលាភធានារ៉ាប់រងដែលអតិថិជនបង់ជូនដល់ ដាយ អ៊ិឈិ ឡាយហ្វ៍ តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័សតាមរយៈ អ៊ី-ម៉ាន់នី ឬ គណនីទូរស័ព្ទចល័ត។ អ៊ី- ម៉ាន់នី អាចផ្តល់នូវសេវាទូរទាត់ប្រាក់របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អ៊ិឈិ ឡាយហ្វ៍ ទូរទាត់ប្រាក់ ទៅអតិថិជនរបស់ខ្លួន លើសពីនេះទៀតការផ្សាយពាណិជ្ជកម្មនូវសេវាកម្មធានារ៉ាប់រងនៅលើកម្មវិធី អ៊ី-ម៉ាន់នី និងកម្មវិធី ម៉ាយមិត្តហ្វូន (My MetFone)។
ខ្ញុំជឿជាក់ថាក្នុងកិច្ចព្រមព្រៀងនេះ អតិថិជន និងប្រជាជន នឹងទទួលបាននូវការគាំទ្រពីសំណាក់ មិត្តហ្វូន ដាយ អ៊ិឈិ ឡាយហ្វ៍ និងអ៊ី-ម៉ាន់នី ក្នុងលក្ខខណ្ឌការផ្តល់ដំណោះស្រាយ និងសេវាកម្មអតិថិជន ដែលជួយសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់អតិថិជន តាមរយៈការទទួលបានសេវាធានារ៉ាប់រង ដែលមានភាពងាយស្រួល និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ »

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖
« នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូដ៏ពិសេសមួយ ដែលធ្វើឱ្យ ដាយ អ៊ិឈិ ឡាយហ្វ៍ អាចផ្តល់ជូនសេវា ធានារ៉ាប់រងអាយុជីវិត ដែលមានតម្លៃសមរម្យ និងមានភាពប្រកួតប្រជែង ព្រមជាមួយនឹងវិធីសាស្រ្ត ក្នុងការទូទាត់ប្រាក់ សម្រាប់ប្រជាជនកម្ពុជា តាមរយៈបណ្តាញយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន និងបច្ចេកវិទ្យាទូទាត់តាមរយៈក្រុមហ៊ុន អ៊ី-ម៉ានី ។
សេវាកម្មធានារ៉ាប់រងអាយុជីវិត កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនបានយល់ដឹងកាន់តែច្រើន អំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។ មិត្តហ្វូន អ៊ី- ម៉ាន់នី និង ដាយ អ៊ិឈិ ឡាយហ្វ៍ ជឿជាក់ថាភាពជាដៃគូថ្មីនេះ នឹងក្លាយជាចំណុចស្នូលមួយ ក្នុងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និងសេវាកម្មដែលមានគុណភាព។ »

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក («ដាយ អ៊ិឈិ ឡាយហ្វ៍») គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ( « DLHD ») ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន « ភាពស្ងប់ចិត្ត » ក្រោមទស្សនរបស់យើង « អតិថិជនជាចម្បង »។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
អំពី ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ិ អិលធីឌី
ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ិ អិលធីឌី ( « មិត្តហ្វូន ») គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុនគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញគ្របដណ្តប់ទូលំទូលាយ គួរឲ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។ មិត្តហ្វូន ត្រូវបានដំណើរការដោយជោគជ័យ និងរីកលូតលាស់យ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ សព្វថ្ងៃនេះ មិត្តហ្វូន គឺជាអ្នកផ្តល់សេវាទូរគមនាគមន៍លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់ប្រជាជនជាង ៩ លាននាក់នៅទូទាំង ២៥ ខេត្ត។
អំពី ក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក (អ៊ី-ម៉ាន់នី)
ក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក (អ៊ី-ម៉ាន់នី) គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈទូរស័ព្ទចល័តឈានមុខគេមួយ ដែលមានសេវាគ្របដណ្តប់ជាង ៨០០០ ភ្នាក់ងារទូទាំងប្រទេស នៅក្នុងប្រទេសកម្ពុជា។
