សម្ដេច ហ៊ុន សែន បើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា លើផ្ទៃដីទំហំជាង ១៣ហិកតា

//s9.kh1.co/c6/c693c228bf4027511f5b714dec71f6c0b472eca3.jpg
Khmerhome

 ០៧-តុលា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=284,q=100/73/7355e180dbb75a4e83f381742cd2050a4306c61b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តីហ៊ុន សែន បានអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា ដែលមានឈ្មោះថា «ព្រីនស៍ ម៉ាណ័រ» គ្របដណ្តប់លើផ្ទៃដីទំហំជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។

មជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

https://s9.kh1.co/__image/w=650,h=366,q=100/cd/cd23881c3c619d8854a5d1a83863b3ad7e4d81b6.jpg

មជ្ឈមណ្ឌលកម្សាន្តនេះ គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្តនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។

https://s9.kh1.co/__image/w=650,h=366,q=100/3a/3a779f064364850aceaee5b104754d2547b12413.jpg

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្តនេះ ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។

https://s9.kh1.co/__image/w=650,h=366,q=100/65/658c901cd3bc541aa0946c3ed8f1228c8df79b93.jpg

មជ្ឈមណ្ឌលកម្សាន្តនេះ មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕

https://s9.kh1.co/__image/w=650,h=366,q=100/72/72c022c6ed1fd7f9545b88372e1a78ec9798ee45.jpg
https://s9.kh1.co/__image/w=650,h=434,q=100/05/0504f5793bb13642f7437d53118217220614dc17.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T