កៀវ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញចុះស៊ើបអង្កេត ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះយោធា ដែលបណ្តាលឱ្យមនុស្សចំនួន ២៦នាក់ត្រូវស្លាប់បាត់បង់ជីវិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយន្តហោះដឹកយោធាប្រភេទ Antonov An-26 ដែលមានអ្នកដំណើរសរុប ២៧នាក់ បានធ្លាក់ផ្ទុះឆេះក្បែរកំណាត់ផ្លូវធំមួយកន្លែងចម្ងាយប្រមាណ ២គីឡូម៉ែត្រពីមូលដ្ឋានយោធា ស្ថិតនៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃសុក្រ។
ក្រសួងការពារជាតិអ៊ុយក្រែនបានឱ្យដឹងថា យន្ដហោះ Antonov An-26 បានជួបឧប្បត្តិហេតុនៅពេលព្យាយាមចុះចតកំឡុងពេលធ្វើសមយុទ្ធ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរអ៊ុយក្រែនបាននឹងកំពុងបើកការស៊ើបអង្កេតលើមូលហេតុមួយចំនួន ដែលអាចបង្កជាគ្រោះថ្នាក់ធ្លាក់នេះឡើង ដូចជាបញ្ហាបច្ចេកទេសទាក់ទងនឹងយន្តហោះ បញ្ហាទាក់ទងនឹងពីឡុត ក៏ដូចជាបញ្ហាត្រួតពិនិត្យជើងហោះហើរជាដើម។
យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារសន្តិសុខរដ្ឋអ៊ុយក្រែនក៏បានឱ្យដឹងដែរថា យន្ដហោះបានធ្លាក់នៅរយៈពេល ៥នាទី បន្ទាប់ពីមេបញ្ជាការនាវិកបានស្នើសុំឱ្យចុះចត ក្រោយម៉ាស៊ីនខាងឆ្វេងនៃយន្តហោះលែងដំណើរការ៕