ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Su-30 តម្លៃ៥០លានដុល្លារ ដែលបានធ្លាក់នៅភាគកណ្តាលប្រទេសរុស្ស៊ី ទំនងជាត្រូវបានបាញ់ច្រឡំដោយយន្តហោះមួយគ្រឿងផ្សេងទៀតរបស់ខ្លួន ខណៈពេលធ្វើសមយុទ្ធយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៌មាន The Moscow Time ក៏បានឱ្យដឹងដែរថា យន្តហោះចម្បាំង Su-30 បានធ្លាក់នៅក្បែរភូមិមួយ ក្នុងតំបន់ទ្វែរ (Tver) ភាគពាយព្យរដ្ឋធានីម៉ូស្គូកាលពីថ្ងៃអង្គារសប្តាហ៍នេះ ចំណែកពីឡុតចំនួន២នាក់នៅខាងក្នុង បានចុចឆ័ត្រយោងលោតចេញដោយសុវត្ថិភាព មុនពេលយន្តហោះធ្លាក់ដល់ដី។
គួរជម្រាបដែរថា Su-30 ជាយន្តហោះចម្បាំងម៉ាស៊ីនភ្លោះ ដែលមានសមត្ថភាពខ្ពស់ និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sukhoi របស់រុស្ស៊ី។ ហើយយន្តហោះចម្បាំងត្រកូល Su-30 នេះ ត្រូវបានប្រទេសជាច្រើនរួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម អាមេនី បេឡារុស្ស ក៏ដូចជាប្រទេសដទៃទៀត ទិញយកទៅប្រើប្រាស់៕