វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសចិនមានផែនការបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានលើសសព្វថ្ងៃចំនួន ២ដងនៅក្នុងរយៈពេលមួយទសវត្សរ៍ទៀត ដោយក្នុងនោះមានទាំងក្បាលគ្រាប់ ដែលរចនាឡើងសម្រាប់បំពាក់លើមីស៊ីលបាញ់ឆ្លងទ្វីប អាចហោះដល់ទឹកដីសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាមានការបង្កើនសកម្មភាពផលិតយ៉ាងណាក៏ដោយ ក៏ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នៅតែមានចំនួនតិចជាងសហរដ្ឋអាមេរិក ដែលមានរហូតដល់ជាង ៣,៨០០គ្រាប់ ខណៈដែលប្រទេសចិនវិញមានក្បាលគ្រាប់ប្រមាណពី ២០០ ទៅ ៣០០គ្រាប់ប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍មន្ទីរបញ្ចកោណបានឱ្យដឹងទៀតថា ការធ្វើទំនើបកម្មនិងការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ចិន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយរបស់ទីក្រុងប៉េកាំង ដើម្បីបង្កើនជំហរឱ្យកាន់តែរឹងមាំបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងដើម្បីប្រកួតប្រជែងឬយកឈ្នះសហរដ្ឋអាមេរិកនៅឆ្នាំ ២០៤៩ ដែលជាមហាអំណាចលេចធ្លោនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំនួនក្បាលគ្រាប់បំពាក់លើមីស៊ីលបាញ់ឆ្លងទ្វីបរបស់ចិន ដែលអាចហោះដល់ទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០០គ្រាប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
គួរជម្រាបដែរថា របាយការណ៍វិភាគរបស់មន្ទីរបញ្ចកោណនេះ ត្រូវបានធ្វើឡើងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងពិភាក្សាបញ្ហានុយក្លេអ៊ែរជាមួយរុស្ស៊ី មុនពេលផុតកំណត់នៃកិច្ចព្រមព្រៀង New Start ដែលជាសន្ធិសញ្ញាគ្រប់គ្រង និងកាត់បន្ថយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររៀងៗខ្លួន។ ហើយទោះបីសហរដ្ឋអាមេរិកចង់ទាមទារឱ្យដាក់បញ្ចូលចិននៅក្នុងកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅតែបដិសេធម្តងហើយម្តងទៀត៕