ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិន scmp បានរាយការណ៍ថា កងកម្លាំងយោធាចិនបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដោយក្នុងនោះមានទាំងមីស៊ីលកម្ទេចនាវាដឹកយន្តហោះចម្បាំង ចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដើម្បីជាការព្រមានយ៉ាងច្បាស់ដល់សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសកម្មភាពបាញ់មីស៊ីលគំរាមរបស់កងយោធាចិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយន្តហោះស៊ើបការណ៍ U-2 របស់អាមេរិក បានហោះចូលក្នុងតំបន់ហាមឃាត់ចិន ខណៈពេលដែលកងទ័ពចិនកំពុងធ្វើសមយុទ្ធមួយ នៅសមុទ្រ Bohai ភាគខាងជើងតំបន់ឆ្នេររបស់ខ្លួន។
ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលមួយដែលមានឈ្មោះថា DF-26B ត្រូវបានបាញ់ចេញពីខេត្ត Qinghai ចំណែកមីស៊ីលមួយគ្រាប់ទៀត ឈ្មោះថា DF-21D ត្រូវបានបាញ់ចេញពីខេត្ត Zhejiang ហើយមីស៊ីលទាំង២ បានហោះសំដៅទៅតំបន់មួយចន្លោះខេត្ត Hainan និងប្រជុំកោះប៉ារ៉ាសែល (Paracel Islands)។
គួរជម្រាបដែរថា មីស៊ីល DF-26 អាចហោះបានរយៈចម្ងាយ ៤,០០០គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីវាយប្រហារគោលដៅលើដី និងនៅក្នុងសមុទ្រ។ ដោយឡែក មីស៊ីល DF-21 អាចហោះបានចម្ងាយប្រមាណ ១,៨០០គីឡូម៉ែត្រ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកោតសរសើរពីភាពជឿនលឿនរបស់វា ថាជាមីស៊ីលពិឃាតនាវាដឹកយន្តហោះចម្បាំងដ៏មានអានុភាពដំបូងគេបំផុតរបស់ពិភពលោក៕