សេអ៊ូល៖ កូរ៉េខាងត្បូងបានបញ្ជាក់ពីផែនការចាប់ផ្តើមសាងសង់នាវាផ្ទុកយន្តហោះចម្បាំងដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ ខណៈពេលដែលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺរវាងសហរដ្ឋអាមេរិកនិងចិន រួមទាំងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនៅមិនទាន់បានដោះស្រាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារសារព័ត៌មាន Naval News បានរាយការណ៍ថា គម្រោងផលិតនាវាដឹកយន្ដហោះទំនង់ ៣ម៉ឺនតោន ដែលនឹងចំណាយប្រាក់អស់រាប់ពាន់លានដុល្លារនោះ ត្រូវបានរំពឹងថាវានឹងបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបអាចផ្ទុកយន្ដហោះចម្បាំង F-35B និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហើយដំណើរការផលិតអាចនឹងចាប់ផ្តើមពីឆ្នាំ ២០២១-២០២៥។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា នាវានេះនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនកងកម្លាំងទាហាន ឧបករណ៍ សំភារៈ និងសម្រាប់ប្រតិបត្តិការហោះហើរ ឬចុះចតរបស់យន្តហោះចម្បាំង។ មិនតែប៉ុណ្ណោះ វានឹងជួយបង្កើនសមត្ថភាពប្រឆាំងទៅលើការគំរាមកំហែងពីកងកម្លាំងដទៃ ក៏ដូចជាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រឿងសព្វាវុធទៅតំបន់ជម្លោះដែនសមុទ្របានយ៉ាងមានប្រសិទ្ធភាពផងដែរ។
គួរជម្រាបដែរថា កូរ៉េខាងត្បូងអាចនឹងស្នើទិញយន្តហោះចម្បាំងប្រភេទ F-35B ពីសហរដ្ឋអាមេរិក ដោយសារវាមានសមត្ថភាពហោះហើរដោយប្រើទីលានខ្លី និងមានសមត្ថភាពចុះចតបញ្ឈរ ដែលសាកសមសម្រាប់នាវាដឹកយន្តហោះធុនតូច។ ហើយប្រសិនបើអាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35B មែននោះ កូរ៉េខាងត្បូងនឹងអាចមានលទ្ធភាពចូលរួមជាមួយប្រទេសជប៉ុន និងអាមេរិក ក្នុងការដាក់ពង្រាយយន្តហោះ F-35B នៅលើនាវារបស់ខ្លួន ទៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច៕