វ៉ាស៊ីនតោន៖ កងទ័ពអាកាសសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បងនូវប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងជោគជ័យជាលើកទី២ ដែលបំពាក់នៅលើយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចេញពីមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមក្រុមមន្រ្តីបានឱ្យដឹងថា ប្រព័ន្ធមីស៊ីល AGM-183A ត្រូវបានសាកល្បងដោយជោគជ័យកាលពីថ្ងៃសៅរ៍ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញក៏បានធ្វើកាលវិភាគ ដើម្បីកំណត់និងរៀបចំដំណើរការអភិវឌ្ឍន៍ប្រព័ន្ធអាវុធប្រភេទនេះឱ្យឆាប់រហ័ស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ Arnold W. Bunch, Jr. មេបញ្ជាការកងទ័ពអាកាស Materiel បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖
ពួកយើងគឺកំពុងស្ថិតនៅក្នុងដំណាក់ការប្រកួតប្រជែងមួយ ហើយយើងត្រូវតែខិតខំប្រឹងប្រែង ដើម្បីឈានមុខលើសត្រូវរបស់យើង ដែលកំពុងតែអភិវឌ្ឍន៍ប្រព័ន្ធអាវុធស្រដៀងគ្នានេះដែរ។ ដូច្នេះនៅគ្រប់ស្ថាប័នស្រាវជ្រាវត្រូវសហការគ្នា ដើម្បីបង្កើនការសិក្សា ក៏ដូចជាការធ្វើតេស្តប្រព័ន្ធអាវុធប្រភេទនេះ សម្រាប់ប្រទេសរបស់យើង។

គួរឱ្យដឹងដែរថា មីស៊ីលរបស់អាមេរិកខាងលើនេះ មានល្បឿនលឿនជាងសំឡេងចាប់ពី ៥ដងឡើងទៅ។ ដូច្នេះហើយប្រព័ន្ធការពារដែនអាកាសភាគច្រើនរបស់ប្រទេសផ្សេងៗទៀត គឺមិនអាចមានពេលវេលាគ្រាប់គ្រាន់ ដើម្បីតាមចាប់អាវុធដែលមានល្បឿនលឿនបែបនេះទេ៕
