អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបតោខៀវ Chelsea កំពុងឃ្លាំមើលសមត្ថភាពរបស់ខ្សែការពារក្រុម Atletico Madrid កីឡាករ Jose Gimenez ដោយអ្នកចាត់ការទូទៅលោក Frank Lampard ចាត់ទុកជម្រើសជាតិអ៊ុយរ៉ាហ្កាយរូបនេះ ជាជម្រើសខ្សែការពារដែលលោកចង់បាននៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLampard កំពុងសម្លឹងរកមើលខ្សែការពារថ្មីៗដើម្បីមកពង្រឹងជើងក្រោមក្នុងក្រុម ជាមួយគ្នានេះ លោកក៏មានគម្រោងបញ្ចេញរនាំងការពារក្នុងក្រុមរបស់លោកមួយចំនួនចេញផងដែរ សម្រាប់ទុក្ខកន្លែងទំនរឲ្យកីឡាករថ្មី។
បញ្ហាតំបន់ការពារបានធ្វើឲ្យ Chelsea ភ្លាត់ចាញ់ Liverpool ក្នុងលទ្ធផលយ៉ាងក្រាស់ក្រែល ៥ទល់នឹង៣ កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅកីឡដ្ឋាន Anfield ខណៈលទ្ធផលនេះ បានធ្វើឲ្យពួកគេប្រឈមនឹងបាត់បង់តំណែង Top 4 ក្នុងការដណ្ដើមកៅអីទៅលេងក្របខណ្ឌ Champions League រដូវកាលក្រោយ។
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត Telegraph កីឡាករ Declan Rice ជាគោលដៅកំពូលរបស់ Chelsea ប៉ុន្តែ West Ham ហាក់មិនចង់លក់គ្រាប់ពេជ្ររបស់ខ្លួនរួបនេះទេ។
ក្លិបរហស្សនាមញញួរយក្ស ទាមទារ៨០លានផោន (ឬប្រហែល១០២លានដុល្លារ) ឯណោះ សម្រាប់តម្លៃខ្លួនជម្រើសជាតិអង់គ្លេសរូបនេះ តួយ៉ាងគឺចង់បានតែលុយសុទ្ធប៉ុណ្ណោះ មិនត្រូវការឲ្យ Chelsea ដាក់ខ្សែប្រយុទ្ធ Michy Batshuayi និងខ្សែបម្រើ Ross Barkley ក្នុងកិច្ចព្រមព្រៀងជាថ្នូរដោះដូរឡើយ។
ប្រភពដដែលបានបន្ថែមទៀតថា ទន្ទឹមនឹង Chelsea ហាក់មានការពិបាកនឹងផ្ទេរយក Rice ក្លិបនៅភាគលិចទីក្រុងឡុងដ៍មួយនេះ នៅសល់ជម្រើសបន្ទាប់ទៀត គឺខ្សែការពារ Giminez ដោយបានបញ្ជូនភ្នាក់ងារតាមដានកីឡាកររបស់ខ្លួន ទៅឃ្លាំមើលការប្រកួតរបស់ At.Madrid ប៉ុន្មានប្រកួតមកហើយ។
Lampard ធ្លាប់បង្ហើបប្រាប់ថា លោកចង់បានខ្សែការពារដែលពូកែកាត់បាល់ហោះ ព្រោះលោកចង់ដោះស្រាយបញ្ហា ទម្រង់ការពារបាល់ខ្ពស់ ហើយទាំងនេះវាត្រូវនឹងជំនាញរបស់ Giminez។
គួរឲ្យដឹងដែរថា ខ្សែការពារវ័យ២៥ឆ្នាំ នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតជាមួយក្លិបយក្សអេស្ប៉ាញ ខណៈតម្លៃទិញផ្ដាច់កុងត្រារបស់គេគឺមិនថោកនោះទេ ពោលគឺ១០៩លានផោន (ឬប្រមាណ ១៣៩លានដុល្លារ) ឯណោះ៕
ប្រភព៖ .dailymail