បរទេស៖ ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចង់បានយន្តហោះចម្បាំងធុន Eurofighter Typhoon របស់អូទ្រីស ក្នុងគោលបំណងយកមកពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បានសរសេរលិខិតមួយច្បាប់ ទៅកាន់សមភាគីអូទ្រីសលោកស្រី Klaudia Tanner ដើម្បីធ្វើការចរចារទិញយន្តហោះចម្បាំង Typhoon ទាំង ១៥គ្រឿង ពីកងទ័ពអាកាសអូទ្រីស។

នៅក្នុងសារលិខិតនោះ លោក Prabowo បានសរសេរថា៖
ដើម្បីសំរេចគោលបំណងរបស់ខ្ញុំ ក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសឥណ្ឌូណេស៊ី។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការពិភាក្សាជាផ្លូវការជាមួយលោកស្រី ដើម្បីសុំទិញយន្តហោះចម្បាំង Typhoon ទាំង ១៥គ្រឿងពីអូទ្រីស សំរាប់យកមកដាក់បម្រើការក្នុងជួរកងទ័ពអាកាសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

គួរឱ្យដឹងផងដែរថា ប្រទេសអូទ្រីសបានទិញយន្តហោះចម្បាំង Typhoon តាំង ១៥គ្រឿងនេះ កាលពីឆ្នាំ ២០០២ នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឹកប្រាក់ ២.២៨ ពាន់លានដុល្លារ។ ហើយប្រសិនបើអូទ្រីសយល់ព្រមលក់វាទៅឱ្យឥណ្ឌូណេស៊ី នោះសេចក្តីប្រាថ្នារបស់រុស្ស៊ី ក្នុងការលក់យន្តហោះចម្បាំង Sukhoi Su-35 Flanker ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏អាចនឹងត្រូវលុបចោលដែរ៕
