ម៉ានីល៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាម និងហ្វីលីពីន បានធ្វើការប្រឆាំងចំពោះសកម្មភាពធ្វើសមយុទ្ធយោធារបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងបានរិះគន់ថា សកម្មភាពនេះអាចបង្កើនភាពតានតឹងនៅក្នុងតំបន់ ក៏ដូចជាប៉ះពាល់ដល់ទំនាក់ទំនងទីក្រុងប៉េកាំងជាមួយប្រទេសជិតខាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយថា សមយុទ្ធរបស់ចិននៅក្នុងដែនទឹកក្បែរប្រជុំកោះ Paracel គឺជាការបង្កហេតុយ៉ាងខ្លាំង ខណៈក្រសួងការបរទេសវៀតណាម បានអះអាងថា វាជាការរំលោភអធិបតេយ្យភាព ដែលអាចបង្កអន្តរាយដល់ទំនាក់ទំនងទីក្រុងប៉េកាំងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
ប្រទេសចិនបានគ្រោងធ្វើសមយុទ្ធរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃពុធ នៅជិតប្រជុំកោះ Paracel ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វៀតណាមនិងហ្វីលីពីន នៅតែប្រឆាំងដាច់ខាតចំពោះសមយុទ្ធយោធានេះ ដោយចោទប្រកាន់ថា វាជាការរំលោភឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង និងការមិនគោរពព្រំដែន ដែលបានចែងនៅក្នុងច្បាប់សមុទ្រអន្តរជាតិ។
គួរជម្រាបផងដែរថា ទីក្រុងហាណូយ និងម៉ានីល បានធ្វើការព្រមានទៅលើប្រទេសចិន ចំពោះបង្កភាពអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកសហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរថា ប្រទេសចិនបាននឹងកំពុងឆ្លៀតឱកាសពេលជំងឺកូវីដ១៩កំពុងរាត្បាត ដើម្បីបង្កើនសកម្មភាពកងទ័ពជើងទឹក និងជំរុញការទាមទារទឹកដីរបស់ខ្លួន៕