បរទេស៖ ខណៈភាពតានតឹងចេះតែបន្តកើតមានឡើង នៅថ្ងៃពុធនេះប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពទៅតំបន់ឧស្សាហកម្ម Kaesong ដែលនៅជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងត្បូង។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងមេដឹកនាំប្រទេសទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអគ្គសេនាធិការកងទ័ពកូរ៉េខាងជើងបានឱ្យដឹងថា នៅពេលខាងមុខនេះ កូរ៉េខាងជើងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ រួមទាំងការបង្កើតប៉ុស្តិ៍យាមនៅតាមតំបន់ព្រំដែន ក៏ដូចជាត្រៀមខ្លួនចាត់វិធានការភ្លាមៗ ដើម្បីតទល់នឹងក្រុមសកម្មជនមួយចំនួន ដែលចែកចាយខិតប័ណ្ណ មានខ្លឹមសារប្រឆាំងទីក្រុងព្យុងយ៉ាង ចូលក្នុងទឹកដីកូរ៉េខាងជើង។
គួរឱ្យដឹងផងដែរថា ក្រោយការប្រកាសថានឹងដាក់ពង្រាយកងទ័ពពីសំណាក់ប្រទេសកូរ៉េខាងជើងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅមិនធ្វើការឆ្លើយតបភ្លាមៗទៅនឹងសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងក្តី កូរ៉េខាងត្បូងអាចនឹងចាត់វិធាការបន្ទាប់របស់ខ្លួន ប្រសិនកូរ៉េខាងជើងនៅតែបង្កើនភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងៗរវាងប្រទេសទាំងពីរ៕