ចោរប្លន់ប្រដាប់ដោយកាំបិតនៅហុងកុង បានប្លន់យកក្រដាសអនាម័យរាប់រយដុំពីបុរសអ្នកដឹកជញ្ជូនម្នាក់ នៅខាងក្រៅផ្សារទំនើបមួយនៅសង្កាត់ Mong Kok ដែលក្រដាសទាំងនោះមានតម្លៃសរុបប្រហែល ១៣០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ូលីសបានចាប់ខ្លួនបុរសពីរនាក់ និងរកឃើញក្រដាសអនាម័យមួយចំនួនផងដែរ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រដាសជាង ៦០០ ដុំដែលមានតម្លៃប្រហែល ២១៨ ដុល្លារ ត្រូវបានគេលួចជាបន្តបន្ទាប់កន្លងមក។
ក្រៅពីនេះ ហាងទំនិញផ្សេងៗកំពុងតែជួបប្រទះការដាច់ស្តុក កំឡុងពេលការរាតត្បាតនៃ Covid-19។ មិនត្រឹមតែក្រដាសអនាម័យនោះទេ ម៉ាស់ ទឹកលាងដៃ និងរបស់អនាម័យផ្សេងទៀតក៏កំពុងប្រឈមនឹងការដាច់ស្តុកផងដែរ។
សូមបញ្ជាក់ថា ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញផងដែរថា តួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៧៣ ០០០នាក់ នៅប្រទេសចំនួន២៦ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ អ្នកជំងឺជាង១០ ០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រមាណជាង១០ ០០០នាក់ដូចគ្នា បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បច្ចុប្បន្ន អ្នកស្លាប់១៨៧០នាក់ស្ថិតក្នុងប្រទេសចិន ដោយភាគច្រើនបំផុតនៅក្រុងវូហាន ខេត្តហ៊ូប៉ី ហើយតំបន់រដ្ឋបាលពិសេសចិន គឺតៃវ៉ាន់ និងហុងកុង ក៏មាន១ករណីរៀងៗខ្លួនផងដែរ។ ក្រៅពីចិន អ្នកស្លាប់៣នាក់ទៀតមាននៅបារាំង ជប៉ុន និងហ្វីលីពីន៕