រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោយជោគជ័យ ជាគ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោមឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក” និងបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ការគួបបញ្ចូលនេះ គឺជាជំហានយក្សមួយទៀតសម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមានភាគទុនិកជា ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅប្រទេសកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូលផលិតផល និងសេវាហិរញ្ញវត្ថុផ្សេងៗរួមមាន សេវាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់របស់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិ និងលក្ខខណ្ឌដូចមុនដដែល។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖
“ការគួបបញ្ចូលគ្នារវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន នាំមកនូវទស្សនវិស័យវិជ្ជមានដល់បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ដែលនឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។ យើងនឹងបន្តធ្វើឲ្យសេវាបម្រើអតិថិជនកាន់តែមានភាពប្រសើរឡើង និងពាំនាំមកនូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលងាយស្រួលជាមួយនឹងសេវាហិរញ្ញវត្ថុឌីជីថល ភាពឆ្នៃប្រឌិតខ្ពស់លើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទរស់នៅបែបស៊ីវិល័យរបស់អតិថិជននាសម័យដ៏ទំនើបនេះ”។
លោកបានបន្តទៀតថា៖
“ដំណើរការនៃការគួបបញ្ចូលដ៏ជោគជ័យនេះ មិនអាចសំរេចទៅបានដោយគ្មានការខិតខំប្រឹងប្រែងយ៉ាងមោះមុតពីគណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្រុមការងារធនាគារ អ៊ូរី ដែលជាភាគទុនិករបស់យើង រួមជាមួយនឹងការគាំទ្រដ៏សំខាន់ពីធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និងភាគីជាប់ពាក់ព័ន្ធផ្សេងៗ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះអតិថិជនរបស់យើងទាំងពីរស្ថាប័ន ដែលបាន និងបន្តប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុរបស់យើង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលរីកចម្រើនជាមួយប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលថ្មីៗដូចជា កម្ចីសម្រាប់និយោជិកក្នុងជួររដ្ឋាភិបាល និងការបង្កើតកម្មវិធីសង្គមផ្សេងៗជាបន្តបន្ទាប់”។
លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖
“នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្ទាប់ពីការលក់ភាគហ៊ុនរបស់គ្រឹះស្ថានទៅឲ្យធនាគារ អ៊ូរី ក្នុងឆ្នាំ2018 ហើយឥឡូវនេះត្រូវបានគួបបញ្ជូលជាមួយ អ៊ូរី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា។ យើងបានបញ្ចប់ដំណើរការនៃការគួបបញ្ចូលនេះប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយដោយយើងបានផ្តោតសំខាន់លើដំណើរការនេះ ខណៈពេលដែលយើងបានរក្សានូវសេវាបម្រើអតិថិជនដ៏ល្អបំផុតជូនដល់អតិថិជននៃគ្រឹះស្ថានទាំងពីរ”។
ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុដល់កម្ពុជាទូទាំង 25 ខេត្ត-ក្រុង តាមរយៈសាខាទាំង 136 របស់ខ្លួន ដោយផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការរបស់អតិថិជនជាមួយនឹងការប្រកាន់ភ្ជាប់ទៅនឹងបេសកកម្មរបស់ខ្លួន “ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ ដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន”៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 087 27 55 55, អ៉ីម៉ែល៖ serymao.von@wbfinance.com.kh ឬ ការិយាល័យកណ្តាលរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្ទះលេខ 398 ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង ភ្នំពេញ ឬចូលទៅកាន់គេហទំព័រ www.wbfinance.com.kh