ភ្នំពេញ៖ បុគ្គលិកថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា និងបុគ្គលិកថ្នាក់ដឹកនាំរបស់ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេស បានជួបជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួប ៧ ឆ្នាំ នៃភាពជាដៃគូរដ៏អស្ចារ្យយុទ្ធសាស្ត្រ ដែលតាមរយៈភាពជាដៃគូរនេះ ប្រជាពលរដ្ឋខ្មែរយើងអាចទទួលបានការការពារ ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសល នៅគ្រប់សាខាធនាគារអេស៊ីលីដា ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីជួបជុំពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ៧ ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ធនាគាអេស៊ីលីដា និង ក្រុមហ៊ុនព្រូដិនសល ព្រមទាំងមន្ត្រីតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។
ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសល បានបើកផ្ដើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ភាពជាដៃគូជាមួយ ធនាគាអេស៊ីលីដា មានសារៈសំខាន់បំផុត ហើយបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងបានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រុមអ្នកផ្ដល់ទីប្រឹក្សាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនព្រូដិនសល នៅតាមសាខាធនាគាអេស៊ីលីដា គឺជាបណ្តាញចែកចាយដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនព្រូដិនសល ហើយផលិតផលធានារ៉ាប់រងដូចគ្នានេះ ក៏ត្រូវបានដាក់លក់ឲ្យចែកចាយដោយអ្នកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឯករាជ្យ នៅតាមពីការិយាល័យ និងសាខាក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប បាត់ដំបង និងក្រចេះ ផងដែរ។
ចាប់តាំងពីចាប់ពីឆ្នាំ ២០១៣ មក ព្រូដិនសល មានទីប្រឹក្សាហរិញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសល មានវត្តមានក្នុងប្រចាំការតាមសាខាធនាគារអេស៊ីលីដាតែ ៣៥ សាខាប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ព្រូដិនសលមានទីប្រឹក្សាហិរញ្ញវត្ថុប្រចាំការដល់ទៅ ១៥១ សាខា របស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូរដ៏រឹងមាំមួយនេះ បានបង្កើនការលក់ចែកចាយផលិតផលធានារ៉ាប់រងដល់ទៅ ១៨ ដង គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំ ២០១៣។ នេះជាសញ្ញាណដ៏ប្រពៃមួយ ដែលបង្ហាញពីភាពជាដៃគូដ៏កាន់តែរឹងមាំរវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសល ក៏ដូចជាការកើនឡើងនៃតម្រូវការសេវាធានារ៉ាប់រងអាយុជីវិត ក្នុងទីផ្សារកម្ពុជាដែលកំពុងរីកលូតលាស់ខ្លាំង។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖
«វាពិតជាត្រឹមត្រូវណាស់ដែលពួកយើងនិយាយថា ភាពជាដៃគូរបស់យើងជាមួយ ធនាគារអេស៊ីលីដា គឺជាបេះដូងនៃភាពជោគជ័យនៃអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជា ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ហើយក្រុមហ៊ុនយើងនឹងមិនអាចទទួលបានជោគជ័យដូចបច្ចុប្បន្នឡើយ បើគ្មានការគាំទ្រពីលោកបណ្ឌិត អ៊ិន ចាន់នី និងក្រុមការងារប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈរបស់លោក នៅឯធនាគារអេស៊ីលីដា។»
លោក Nutman បានបន្ថែមទៀតថា៖
«ឧទាហរណ៍ជោគជ័យរបស់យើងមួយទៀតនោះ គឺទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងភាគច្រើនពីប្រទេសកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Million Dollar Round Table ដែលស្មើនឹង ៦% នៃចំនួនភ្នាក់ងារចែកចាយផលិតផលធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈមកពីទូទាំងពិភពលោក។ ហើយពួកគេទាំងនោះគឺសុទ្ធតែជាបទីប្រឹក្សាហិរញ្ញវត្ថុ ដែលប្រចាំការនៅសាខាអេស៊ីលីដា ក្នុងប្រទេសកម្ពុជាយើងនេះឯង។»

លោក ហេង បូមករា អគ្គនាយករង ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖
«ភាពជាដៃគូនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុ ដែលស្របតាមគោលនយោបាយជាតិស្តីពីបរិយាប័ណ្ណហិរញ្ញវត្ថុឆ្នាំ ២០១៩ ដល់ ២០២៥… ក្នុងនាមធនាគារជាតិនៃកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់បុគ្គលិកអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះសមិទ្ធផលរបស់ពួកគេ។»

ថ្លែងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនព្រូដិនសល និងកោតសសើរពីវិជ្ជាជីវៈ និងចំណេះដឹងរបស់ពួកគេ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង ដែលមានការការពារ និងសន្សំ ហើយជាផលិតផលថ្មីថ្មោងសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយនោះ។
លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖
«វិស័យធានារ៉ាប់រងអាយុជីវិតមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង ការបែងចែកថវិកាតាមរយៈការសន្សំរយៈពេលវែង ផែនការចូលនិវត្តន៍ និងផែនការហិរញ្ញវត្ថុចាំបាច់ផ្សេងៗទៀត។ ភាពជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុនរបស់យើង បានផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើង ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម…ភាពជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់ក្រុមហ៊ុនយើងទាំងពីរ ពីព្រោះយើងទទួលបានការរីកចម្រើន ហើយបន្តរីកចម្រើនទៅមុខទៀតជាមួយអតិថិជនរបស់យើង។ នេះជាហេតុផលដែលយើងពង្រឹងភាពជាដៃគូរយៈពេលវែងរបស់យើងបន្ថែមទៀត»





