ខេត្តបន្ទាយមានជ័យ ៖ មួយប៉ប្រិចភ្នែកធ្វើឱ្យកដៃម្ខាងរបស់បុរសម្នាក់អាចត្រូវកាត់ និងក្លាយជាជនពិការអស់មួយជីវិត បន្ទាប់ពីជនរងគ្រោះបញ្ឆេះម៉ាស៊ីនដើម្បីកៀបទឹកអំពៅលក់ឱ្យគេ ស្រាប់តែម្រាមដៃរបស់ជនរងគ្រោះចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យជនរងគ្រោះស្រែកយំហៅគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់មកជួយតែម្តង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ វិច្ឆិកា ២០១៩ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះទូច ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលក់ទឹកអំពាវតាមរ៉ឺម៉កម៉ូតូកង់បីនិងមានទីលំនៅក្នុងភូមិកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានបញ្ឆេះម៉ាស៊ីនដើម្បីកៀបទឹកអំពៅលក់ឲ្យគេ តែចៃដន្យអាក្រក់ម្រាមដៃឆ្វេងរបស់ជនរងគ្រោះចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវម៉ាស៊ីនកិនខ្ទេចម្រាមដៃចំនួន៤ ចំណែកប្រអប់ដៃក៏ខ្ទេចស្ទើរមួយកំណាត់ទៅហើយ ភ្លាមៗនោះជនរងគ្រោះស្រែកទ្រហោយំដង្ហោយហៅគេឯងឱ្យជួយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មក គេឃើញអ្នកស្រុកបាននាំគ្នាជួយពន្លត់ម៉ាស៊ីន និងដោះគ្រឿងឧបករណ៍កៀបទឹកអំពៅនោះ រួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែដោយសារជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ដើម្បីកាត់ត្រឹមកដៃ ព្រោះម្រាមដៃរបស់ជនរងគ្រោះត្រូវម៉ាស៊ីនខ្ទេចអស់ចំនួន៤ ចំណែកប្រអប់ដៃក៏ត្រូវម៉ាស៊ីនខ្ទេចស្ទើរមួយកំណាត់ទៅហើយ។
តាមប្រភពពីគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ដៃជនរងគ្រោះនឹងត្រូវកាត់ត្រឹមកដៃ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សូមបងប្អូនដែលប្រកបរបរកៀបទឹកអំពៅលក់ សូមប្រុងប្រយ័ត្នចៀសវាងដូចករណីខាងលើនេះ ៕