ចិន៖ ថ្មីៗនេះ នារីវ័យ២៤ឆ្នាំម្នាក់នៅឯប្រទេសចិន ធ្វើឲ្យមហាជនលើបណ្ដាញអ៊ិនធើណែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងមានទម្ងន់ត្រឹមតែ២១គីឡូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Wu Huayuan និងមានប្អូនប្រុសម្នាក់ ហើយពួកគេទាំងពីរបានក្លាយជាក្មេងកំព្រា តាំងពីនៅវ័យក្មេងមកម៉្លេះ។ ម្ដាយបានស្លាប់កាលពីនាង Wu មានអាយុ៤ឆ្នាំ ចំណែកឪពុកបានស្លាប់ដោយសារជំងឺក្រិនថ្លើមក្នុងឆ្នាំ២០១៤។
ប្រភពបានបន្ដថា ក្រោយពីបាត់បង់ឪពុក នាង Wu ត្រូវទទួលរ៉ាប់រងចិញ្ចឹមប្អូនប្រុស ដោយត្រូវចំណាយប្រាក់ចំនួន១,២៩០យ័ន (ប្រមាណ១៨៣ដុល្លារអាមេរិក) ក្នុងមួយខែ។ ដើម្បីសន្សំប្រាក់ នាង Wu មិនទទួលទានអាហារពេលព្រឹក និងតែងតែទទួលទាននំបុ័ងជាប្រចាំ សម្រាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាច។ មានថ្ងៃខ្លះ នាង Wu ទទួលទានបាយជាមួយម្សៅម្ទេសកិន ដែលនាងបានកំណត់ការចំណាយទៅលើអាហារក្នុងមួយថ្ងៃត្រឹមតែ២យ័ន (០,២៨ដុល្លារអាមេរិក) ប៉ុណ្ណោះ។
នាង Wu បានឲ្យដឹងដែរថា នាងធ្វើបែបនេះ គឺព្រោះតែចង់សន្សំប្រាក់ទុកសម្រាប់ព្យាបាលប្អូនប្រុសរបស់នាងដែលមានជំងឺផ្លូវចិត្ត។ សាច់ញាតិរបស់នាងគឺមានជីវភាពក្រីក្រ ទើបមិនចង់សុំការជួយពីពួកគេ។
សព្វថ្ងៃនេះ នាង Wu មានអាយុ២៤ឆ្នាំ ប៉ុន្ដែរូបរាងរបស់នាងដូចជាកូនក្មេងដែលខ្វះអាហារូបត្ថម្ភអីចឹង។ នាងមានទម្ងន់ត្រឹមតែ២១គីឡូក្រាម និងកម្ពស់១.៣៥សង់ទីម៉ែត្រ។ ចំណែកសក់របស់នាងជ្រុះជាបណ្ដើរៗ គ្មានរោមចិញ្ចើម និងសភាពស្បែកស្ងួតគ្មានសំណើមយ៉ាងខ្លាំង។ រាល់ពេលដែលនាងមានអាការឈឺម្ដងៗ នាងតែងតែចំណាយប្រាក់ទៅទិញថ្នាំណាដែលមានតម្លៃថោកៗ។
បើទោះបីជានាងមានជីវភាពលំបាកយ៉ាងណា ក៏នាងនៅតែតស៊ូរហូតដល់បានទទួលប្រាក់កម្ចីនិស្សិតពីខាងសាកលវិទ្យាល័យមួយកន្លែងក្នុងខេត្ត Guizhou និងបានសិក្សាផ្នែកសេដ្ឋកិច្ច ឆ្នាំទី៣។ នាងខិតខំរកប្រាក់ដោយធ្វើការជាអ្នកបោសសម្អាត និងជំនួយការគ្រូបង្រៀន ដែលអាចរកចំណូលបានចំនួន៦០០យ័ន (ប្រមាណ ៨៥ដុល្លារអាមេរិក) ក្នុងមួយខែ។ បច្ចុប្បន្ននេះ នាងកំពុងមានជំងឺបេះដូងដោយសារខ្វះអាហារធ្ងន់ធ្ងរ ដែលត្រូវចំណាយប្រាក់ក្នុងការវះកាត់ចំនួន ២០០,០០០យ័ន (ប្រមាណ២៨,៤១០ដុល្លារអាមេរិក)។
យ៉ាងណាមិញ មិត្តភក្ដិ និងសាច់ញាតិរបស់នាង Wu កំពុងធ្វើការរៃអង្គាសប្រាក់ដើម្បីជួយនាង និងប្អូនប្រុសរបស់នាង។ មកទល់ពេលនេះ មហានៅលើបណ្ដាញអ៊ិនធើណែតជាច្រើនមានចិត្តអាណិតអាសូរ បានបរិច្ចាគប្រាក់ជាបន្ដបន្ទាប់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖