ក្ដុកក្ដួល! បុរសម្នាក់ដឹកធាតុរបស់ប្រពន្ធ ដើរកម្សាន្តកន្លែងដែលនាងប៉ងចង់ទៅកាលនៅរស់

//s6.kh1.co/e9/e94a64b9267ecc88731a204c4e6a647bb94a3fe9.jpg
សង្គម

 ២៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ បុរសវ័យ៤០ឆ្នាំម្នាក់ បានធ្វើដំណើរកម្សាន្តជាមួយធាតុរបស់ប្រពន្ធ ដោយរុញរទេះទៅ​កាន់​ទីកន្លែង​ដែល​នាង​​ប្រាថ្នា​ចង់ទៅ ​កាល​ពី​នាង​នៅ​មាន​ជីវិត​។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរសនោះត្រូវបានគេប្រទះឃើញ ​រុញរ​ទេះ​ជាមួយនឹង​ឆ្កែ​បី​ក្បាល នៅតាម​ផ្លូវ​ក្នុង​ខេត្ត​ Nakhon Ratchasima

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Sakchai Suphanthamat បានចាប់ផ្ដើមធ្វើដំណើរ ជាមួយធាតុរបស់ប្រពន្ធ មកទល់បច្ចុប្បន្ននេះអស់រយៈពេល៣ឆ្នាំមកហើយ។ ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ២០១៦ ដោយសារជំងឺតេតាណូស ដែលបណ្ដាលមកពីឆ្កែខាំ។

ប្រភពបានបន្ដថា លោក Sakchai មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ប្រពន្ធជាទីស្រលាញ់របស់គាត់។ កាលនៅរស់ ប្រពន្ធរបស់គាត់បានប្រាប់ថា នាងចង់ទៅលេងភ្នំ និងសមុទ្រ ​​​​នេះជាហេតុដែលគាត់សុខចិត្តធ្វើដំណើរដោយថ្មើរជើងរុញរទេះដើម្បីបំពេញបំណងប្រពន្ធ។

កន្លែងដំបូងបង្អស់ដែលលោក Sakchai បាននាំធាតុរបស់ប្រពន្ធទៅ គឺភ្នំ Doi  Intanon ដែលស្ថិតនៅក្នុងខេត្តឈៀងម៉ៃ។ គាត់ចំណាយពេលរហូតដល់ទៅ១ឆ្នាំ និងដើរចម្ងាយ ១,៥០០គីឡូម៉ែត្រទៅទីនោះ។ ក្នុងការធ្វើដំណើររបស់គាត់ បានប្រទះជួបនឹងឆ្កែអនាថាបីក្បាលនៅតាមដងផ្លូវ។ ដោយក្ដីអាណិតអាសូរ គាត់បាននាំឆ្កែទាំងបីក្បាលធ្វើដំណើរជាមួយគាត់ទៀតផង។

លោក Sakchai បាននិយាយថា៖

«ខ្ញុំប្ដេជ្ញាថានឹងនាំធាតុរបស់ប្រពន្ធធ្វើដំណើរកម្សាន្តជុំវិញប្រទេសឲ្យបាន។ សម្រាប់ការធ្វើដំណើរគឺខ្ញុំតែងតែឈប់សម្រាក រៀងរាល់៣គីឡូម៉ែត្រម្ដង ដើម្បីឲ្យឆ្កែបានសម្រាកដែរ។»

ប្រភពបានឲ្យដឹងទៀតថា អ្នកដំណើរតាមដងផ្លូវដែលបានដឹងពីរឿងរ៉ាវរបស់លោក Sakchai តែងតែឈប់រថយន្ដផ្ដល់ជាចំណីអាហារទៅដល់គាត់ និងឆ្កែជារឿយៗ។ នៅពេលយប់ លោក Sakchai ឈប់សម្រាកដោយមានមុងសម្រាប់ខ្លួនជាមួយធាតុរបស់ប្រពន្ធ និងមុងមួយទៀតសម្រាប់ឆ្កែទាំងបី។

បើទោះបីជាប្រពន្ធបានស្លាប់បាត់យូរហើយក៏ពិតមែន លោក Sakchai នឹងនៅតែធ្វើដំណើរជាមួយធាតុរបស់ប្រពន្ធបន្ដទៀត។ ចំពោះរឿងរ៉ាវជីវិតរបស់គាត់ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តនិងរំភើបជំនួសប្រពន្ធរបស់គាត់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក  Sakchai និងឆ្កែទាំងបី
លោក  Sakchai និងឆ្កែទាំងបី
លោក  Sakchai និងឆ្កែទាំងបី
លោក Sakchai និងឆ្កែទាំងបី
លោក  Sakchai និងឆ្កែទាំងបី
លោក Sakchai និងឆ្កែទាំងបី
លោក  Sakchai 
លោក Sakchai 
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T