ប្រុងប្រយ័ត្ន! បុរស IT ម្នាក់ ស្ទើរតែនឹងត្រូវពិការភ្នែក ដោយសារតែ ការប្រើប្រាស់ទូរស័ព្ទហួសប្រមាណ...!

//s6.kh1.co/2e/2eb46c1d4b603641118e9b2f11ac851363562d8a.jpg
សង្គម

 ១៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ជាការពិតណាស់ ការប្រើប្រាស់ទូរស័ព្ទ ឬស្មាតហ្វូន ក្នុងយុគសម័យបច្ចុប្បន្ននេះ គឺជាផ្នែកផ្សារភ្ជាប់យ៉ាងសំខាន់បំផុតមួយ នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់ៗគ្នា ដោយសាតែ វាមានមុខងារជាច្រើនប្រភេទ អាចជួយសម្របសម្រួលបានគ្រប់ការងារ យ៉ាងមានភាពងាយស្រួល និងរហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលអ្នកតែងព្រងើយកន្តើយ ហាក់មិនយកចិត្តទុកដាក់ខ្វល់បារម្ភនោះ គឺការប្រើប្រាស់ទូរស័ព្ទហួសប្រមាណ ឬរយៈពេលច្រើនម៉ោងជារៀងរាល់ថ្ងៃ វាក៏នឹងអាចបង្កជាទុក្ខទោសដល់អ្នក ជាពិសេស គឺប្រឈមនឹងបញ្ហាភ្នែកតែម្តង។

បុរសជាអ្នកជំងឺ
បុរសជាអ្នកជំងឺ

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ រស់នៅក្នុងខេត្ត Guangdong គឺស្ទើរតែនឹងពិការភ្នែក ដោយសារតែ ការប្រើប្រាស់ទូរស័ព្ទហួសប្រមាណ បូករួមនឹងរូបគាត់ចូលចិត្តញ៉ាំអាហារ ដែលមានផ្ទុកជាតិខ្លាញ់ខ្លាំងលើសកម្រិត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសខាងលើនេះ គឺជាបុគ្គលិក IT ម្នាក់ មានវ័យ៣០ឆ្នាំ។ ជារៀងរាល់ថ្ងៃ រូបគាត់តែងតែចំណាយពេលធ្វើការនៅមុខកញ្ចក់កុំព្យូទ័រ។ លុះពេលត្រលប់មកផ្ទះវិញ រូបគាត់ថែមទាំងចំណាយពេលលេងទូរស័ព្ទជាយូរម៉ោង រហូតដល់យប់ជ្រៅមុនចូលគេងទៀត។

ក្រោយមកថ្ងៃមួយ រូបគាត់ក៏ស្រាប់តែមានអារម្មណ៍ថា ភ្នែកខាងស្តាំរបស់គាត់ចាប់ផ្តើមព្រាល និងប្រែទៅជាងងឹតមើលអ្វីមិនឃើញតែម្តង។ គាត់ពិតជាតក់ស្លុត និងមានការភ័យខ្លាចជាខ្លាំងចំពោះរឿងនេះ ដោយខ្លាចក្រែងថា ភ្នែកខាងស្តាំរបស់គាត់នឹងពិការអស់មួយចំហៀង។ ដូច្នេះហើយ គាត់ក៏បានសម្រេចចិត្តប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។

វេជ្ជបណ្ឌិតបានរកឃើញថា បុរសរងគ្រោះខាងលើនេះ ទទួលរងនូវជំងឺស្ទះសរសៃឈាមកណ្តាលនៃភ្នែក ឬភាគច្រើនជាទូទៅគេស្គាល់ថា ជាជំងឺ Eye Stroke ។

វេជ្ជបណ្ឌិតបានពន្យល់ប្រាប់ថា ជំងឺនេះវាអាចកើតឡើងភ្លាមៗបែបនេះ អាចមកពីអ្នកជំងឺតែងតែលេងទូរស័ព្ទហួសប្រមាណ និងបូករួមការទទួលទានរបបអាហារដែលមានជាតិខ្លាំងខ្ពស់ ដែលជាមូលហេតុធ្វើឲ្យសុខភាពភ្នែកមានការធ្លាក់ចុះ។

វេជ្ជបណ្ឌិតបានបន្ថែមថា អ្នកជំងឺចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ដើម្បីទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងធ្វើការព្យាបាលជាបន្តបន្ទាប់ដើម្បីធានាបានថា ស្ថានភាពបានធូរស្បើយមកវិញ។

បុរសជាអ្នកជំងឺ
បុរសជាអ្នកជំងឺ

ប្រភពដដែលបន្តថា ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ៣ថ្ងៃ ទីបំផុតបុរស IT ខាងលើនេះ ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញផងដែរ។ អាចចាត់ទុកបានថា វាគឺជារឿងមួយដ៏សំណាងបំផុត ដែលរូបគាត់បានមកទទួលការព្យាបាលទាន់ពេលវេលា ខណៈដែលបច្ចុប្បន្នស្ថានភាពភ្នែករបស់គាត់ក៏បានធូរស្បើយ និងទទួលបានការមើលឃើញខ្លះៗ។ ប៉ុន្តែទោះបែបនេះក្តី រូបគាត់ក៏នឹងនៅតែបន្តមកតាមដានជំងឺ និងត្រូវនៅឆ្ងាយពីភ្លើងពន្លឺផងដែរ (ដូចជា ទូរស័ព្ទ និង កុំព្យូទ័រ ជាដើម)។  

គួរឲ្យដឹងថា ជុំវិញនឹងករណីនេះ គ្រូពេទ្យបាននិយាយថា ជាធម្មតាអ្នកដែលកើតមាននូវជំងឺប្រភេទនេះ (Eye Stroke) ភាគច្រើន គឺស្ថិតនៅក្នុងវ័យ ៦០ ទៅ ៧០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែមិនថាយ៉ាងណា បើផ្អែកលើករណីថ្មីៗនេះ ជំងឺនេះក៏នឹងអាចកើតមានទៅលើអ្នកដែលមានអាយុនៅក្មេងវ័យផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T