ចិន៖ ជាការពិតណាស់ នារីគ្រប់រូបតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត។ បច្ចុប្បន្ននេះ សង្កេតឃើញថា ការកែសម្ផស្សកំពុងមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់នារីៗដែលចង់បានសម្រស់ស្អាត។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ នារីជនជាតិចិនវ័យក្មេងម្នាក់ បានចាក់ថ្នាំកែច្រមុះរបស់នាង ប៉ុន្ដែបណ្ដាលឲ្យពិការភ្នែកទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា នារីរងគ្រោះម្នាក់មានត្រកូល Chen អាយុ១៨ឆ្នាំ បានសម្រេចចិត្តចាក់ថ្នាំកែច្រមុះនៅគ្លីនិកមួយកន្លែង ក្នុងទីក្រុង Chongqing ប្រទេសចិន។ សម្រាប់ការចាក់ថ្នាំកែច្រមុះគឺតម្លៃធម្មតាចំនួន១៩,៥៦០យ័ន (ប្រមាណ២,៦៧៧ដុល្លារអាមេរិក)។ ប៉ុន្ដែដោយនាង Chen បានជាវកាតសមាជិកពីគ្លីនិកនោះ នាងត្រូវចំណាយអស់ត្រឹមតែ ៩៨០យ័ន (ប្រមាណ១៣៧ដុល្លារអាមេរិក) ប៉ុណ្ណោះ។
ក្រោយពីទទួលបានការចាក់ថ្នាំកែច្រមុះរួចមក នាង Chen ស្រាប់តែមានអាការទន់ដៃទន់ជើង សឹងតែសន្លប់។ ភ្នែកមួយចំហៀងមើលមិនឃើញ ស្របពេលដែលភ្នែកមួយចំហៀងទៀតចាប់ផ្ដើមស្រវាំង។
ប្រភពបានបន្ដថា ក្រោយពីមានបញ្ហាខាងលើនេះមក នាង Chen បានទៅកាន់មន្ទីរពេទ្យ ទើបវេជ្ជបណ្ឌិតបានឲ្យដឹងថា នាងប្រតិកម្មជាមួយថ្នាំចាក់ច្រមុះ បណ្ដាលឲ្យស្ទះសរសៃឈាមធ្វើឲ្យភ្នែកមើលលែងឃើញនិងដៃជើងចុះខ្សោយ។
យ៉ាងណាមិញ នាង Chen ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីតាមដានអាការបន្ដ។ ចំណែកវេជ្ជបណ្ឌិតក៏មិនទាន់ប្រាកដចិត្តដែរថា ភ្នែកទាំងសងខាងរបស់នាងនឹងអាចវិលទៅរកសភាពដើមវិញនោះទេ៕